គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣០ ក្រោមទុនវិនិយោគសរុប ៥៩០លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

 
ភ្នំពេញ៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១០ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។ អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៣០ ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រស្ល និង កែច្នៃលោហធាតុ, រោងចក្រផលិតសម្ភារៈវេចខ្ចប់, រោងចក្រកែច្នៃស្បែក, ផ្សារទំនើប, អគារពហុមុខងារ, សណ្ឋាគារ, និង ភោជនីយដ្ឋាន ។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹក​ចិត្តពិសេស ចំនួន ១១០ គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពក្នុងកិច្ចប្រជុំនាថ្ងៃនេះ, គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និង ការជំរុញការអនុវត្តវិធានការលើកទឹកចិត្ត ដល់គម្រោងវិនិយោគ និង ធុរកិច្ច, ក្រុមការងារបាននិងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត ដែលរួមមាន ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម, និង ការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner