សាលាមួយបដិសេធមិនឲ្យកូនៗរបស់ Cristiano Ronaldo ចុះឈ្មោះចូលរៀន
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយនានានៅប្រទេសព័រទុយហ្គាល់ បានរាយការណ៍ថា កីឡាករបាល់ទាត់ល្បីឈ្មោះ Cristiano Ronaldo បានព្យាយាមចុះឈ្មោះកូនៗទាំង៥នាក់ ឲ្យរៀននៅសាលា St. Julian’s School ដ៏ល្បីល្បាញ ប៉ុន្តែ ត្រូវបានបដិសេធ ព្រោះមិនចង់ឲ្យមានព័ត៌មានចុះផ្សាយច្រើន នៅសាលា។
យោងតាមប្រភពព័ត៌មាន AS បានឱ្យដឹងថា Ronaldo គ្រោងនឹងត្រលប់ទៅព័រទុយហ្គាល់ ដែលជាប្រទេសកំណើត ជាមួយគ្រួសារ ខណៈដែលវិមានដ៏ធំរបស់លោក នៅទីក្រុង Lisbon សាងសង់ ជិតរួចរាល់។ ប្រភពព័ត៌មាន V+Fama បានឲ្យដឹងថា «ភាពឯកជន» គឺជាហេតុផលចម្បង ដែលសាលា St. Julian មិនចង់ឱ្យកូនរបស់ Ronaldo រៀន ព្រោះ ពួកគេចង់ការពារសិស្សដទៃទៀត ដោយចាត់ទុកថា សាលាមិនអាចក្លាយជាប្រភពព័ត៌មាន ឥតឈប់ឈរនោះទេ ខណៈដែល Ronaldo គឺជាបុគ្គលល្បី លើពិភពលោក។
Ronaldo និងប្រពន្ធ ឈ្មោះ Rodriguez រួមជាមួយកូនប្រាំនាក់របស់ពួកគេ កំពុងរស់នៅប្រទេសអារ៉ាប៊ី សាអូឌីត ជាកន្លែងដែលលោកកំពុងលេងឱ្យក្លឹប Al Nassr តាំងពីដើមឆ្នាំ២០២៣។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធ វ័យ ៣៩ឆ្នាំ ជាមួយក្លឹបអារ៉ាប់មួយនេះ នឹងផុតកំណត់ នៅរដូវក្តៅ ឆ្នាំក្រោយ៕
ប្រភពពី Themail