ឧស្សាហកម្មរកស៊ីផ្លូវភេទ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ
បរទេស៖ កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃពុធ ដោយបានដាក់ចំណងជើងថា «ឧស្សាហកម្មរកស៊ីផ្លូវភេទ ៖ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ»។ ប្រភពបានបន្ថែមថា ជាមួយនឹងការកើនឡើង នៃវេទិកាអ៊ិនធឺណិត ការងាររកស៊ីផ្លូវភេទក៏បានបានផ្លាស់ប្តូរទៅរកវិធីតាមរយៈអនឡាញ កាន់តែខ្លាំងឡើង ដែលជាប្រតិបត្តិការមានភាពងាយស្រួល និង ប្រកបដោយការប្រុងប្រយ័ត្ន។
កាសែតថៃមួយនេះបានចុះផ្សាយទៀតថា នៅក្នុងខែមិថុនា ឆ្នាំ២០២០ របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ហៅកាត់ UNAIDS បានប៉ាន់ប្រមាណថា មានអ្នករកស៊ីផ្លូវភេទប្រហែល ១៤ម៉ឺន៥ពាន់នាក់ នៅក្នុងប្រទេសថៃ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបានអះអាងថា ចំនួនពិតប្រាកដអាចមានពី ៨០ម៉ឺន ទៅ ២លាន៨សែននាក់។
ការងារផ្លូវភេទនៅតែបន្តទទួលការមាក់ងាយក្នុងសង្គមថៃ ខណៈដែលមនុស្សជាច្រើន នៅតែចាត់ទុកវិជ្ជាជីវៈនេះថា មិនគួរឲ្យគោរព ធ្វើឲ្យខូចមុខមាត់ប្រទេស។ អ្នករកស៊ីផ្លូវភេទត្រូវបានចាត់ទុកថា ជាក្រុមដែលងាយរងគ្រោះ ខ្វះការការពារពីរដ្ឋាភិបាល ជាពិសេស ទាក់ទងនឹងអត្ថប្រយោជន៍សុខភាព និងសន្តិសុខសង្គម។ ប៉ុន្តែ ក្រុមអ្នកតស៊ូមតិទាមទារឱ្យមានភាពស្របច្បាប់នៃការងារផ្លូវភេទ ដើម្បីធានាសិទ្ធិ និងការទទួលបានសេវាសង្គម ស្រដៀងនឹងឧស្សាហកម្មសេវាកម្មផ្សេងទៀត នេះបើតាមកាសែត The Nation ដដែល។
ការងារផ្លូវភេទត្រូវបានស្របច្បាប់ក្នុងប្រទេសថៃ មានតាំងពីយូរណាស់មកហើយ។ ក្នុងរជ្ជកាលព្រះបាទរាមាទី៤ អ្នករកស៊ីផ្លូវភេទ ត្រូវបានចុះបញ្ជី និងបង់ពន្ធ ទៀតផង។ ប៉ុន្តែ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកាមរោគ នៅដើមសតវត្សទី២០ នាំឱ្យមានបទប្បញ្ញត្តិ កាន់តែតឹងរ៉ឹង។
កាសែត The Nation បានបន្ថែមទៀតថា «មិនអាចប្រកែកបានថា ការងារផ្លូវភេទក្នុងប្រទេសថៃ នៅតែអាចរកឃើញ ក្នុងទម្រង់ផ្សេងៗគ្នា ចាប់ពីប្រតិបត្តិការតាមចិញ្ចើមផ្លូវ និងការចរចាដោយផ្ទាល់ រហូតដល់សេវាកម្មដែលផ្តល់នៅហាងម៉ាស្សា និងផ្ទះបន។ យូរ ៗ ទៅប្រទេសថៃបានទទួលកេរ្តិ៍ឈ្មោះជាសកលថាជា «រដ្ឋធានីផ្លូវភេទរបស់ពិភពលោក» ដោយសារតែភាពមើលឃើញនិងភាពងាយស្រួលនៃឧស្សាហកម្មផ្លូវភេទរបស់ខ្លួន៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត