សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសចិន
(ភ្នំពេញ) ៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរយៈពេល ៥ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុខសុវត្ថិភាពនិងទទួលបានលទ្ធផលគួរជាទីមោទនៈ ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។
អំឡុងពេលដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង សម្តេចមហារដ្ឋសភាធិការធិបតីបានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ។ ចំណែកនៅក្រុងសៀងហៃ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង លេខាធិការ នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ ។
លទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ចាវ ឡឺជី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី អគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ។
ឯកសារទំាងពីរដែលបានចុះហត្ថលេខានេះ ជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀត នៃទំនាក់ទំនងសភាប្រទេសទំាងពីរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំសភាប្រជាជនចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថា នឹងជំរុញបន្ថែមទៀតនូវការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍ នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ