កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជិត ៦លាននាក់ នៅឆ្នាំ២០២៤នេះ
ភ្នំពេញ៖ កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជិត ៦លាននាក់ នៅឆ្នាំ២០២៤នេះ ខណៈ៧ខែដើមឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ៣លាន៧០ម៉ឺននាក់ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការ កសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាពជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់ សន្តិភាពទូទាំងពិភពលោក ។
សម្ដេចធិបតី បានបន្តថា ជាក់ស្តែង សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព ដោយក្នុងនោះ រាជរដ្ឋាភិបាលបន្តលើកលែងនូវសារពើពន្ធចំពោះអាជីវកម្មបម្រើឱ្យវិស័យ ទេសចរណ៍រយៈពេលពេញមួយឆ្នាំ២០២៥ទៀត ដែលទាំងនេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តែងតែឈរនិងប្រកាន់ខ្ជាប់ជាមួយវិស័យទេសចរណ៍ ជាពិសេស រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រយ៉ាងច្រើនឥតគណនារួមមាន៖ ការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ គម្រោងរថភ្លើងល្បឿនលឿនមធ្យម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប ព្រលានយន្តហោះតាមខេត្តនានា មន្ទីរពេទ្យ ការផ្តល់នូវការព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននៅទូទាំងប្រទេសតាមរយៈ ប័ណ្ណ ប.ស.ស បង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កម្មករជាង១លាននាក់ ដោយឥតគិតថ្លៃ ការស្ថាបនារោងចក្រទឹកស្អាត រោងចក្រថាមពលឧស្ម័នធម្មជាតិ ការបន្តពង្រីកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ការស្ថាបនាកំពង់ផែទេសចរណ៍ និងកំពង់ផែទឹកជ្រៅដឹកទំនិញក្នុងខេត្តកំពត រោងចក្រដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ គម្រោងការសាងសង់ខ្សែកាបអុបទិចក្រោមសមុទ្រសម្រាប់បម្រើឱ្យវិស័យអ៊ីនធឺណិតពីកម្ពុជាទៅហុងកុង ដែលវិនិយោគដោយភាគីមិត្តចិន និងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់នានាផ្សេងទៀត ដើម្បីបម្រើឱ្យពហុវិស័យ រួមទាំងវិស័យទេសចរណ៍ដែលជាមាសបៃតង និងជាឆ្អឹងខ្នងក្នុងការជំរុញសេដ្ឋកិច្ចជាតិយើងឱ្យមានការរីកចម្រើនដូចអរិយ ប្រទេសនានានៅលើសកលលោក។
សម្ដេចធិបតី បន្ថែមថា ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំ ឡើងជា ៣ ដំណាក់កាល៖ ដំណាក់កាលទី១ ជាដំណាក់កាលភាពធន់នៃវិស័យទេសចរណ៍ ដំណាក់កាលទី២ ជា ដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណាក់កាលទី៣ ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គម ពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ហើយកម្ពុជា ត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង។
ក្នុងសារលិខិត សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាក់ស្តែង ៧ខែដើមឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦,០០០,០០០នាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ ។
យ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា កម្ពុជា គួរបង្កើនការផ្សព្វផ្សាយទេសចរណ៍ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក ពោលគឺចាប់ផ្តើមពីប្រជាជនគ្រប់រូប ដែលប្រជាជនម្នាក់ គឺជាទូតទេសចរណ៍ម្នាក់ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យសក្តានុពលមួយ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏ជាចលករក្នុងការជួយជំរុញ និងទ្រទ្រង់វិស័យផ្សេងៗទៀតដែរ តួយ៉ាងនៅពេលវិស័យទេសចរណ៍មានការរីកចម្រើន វិស័យផ្សេងទៀតក៏មានការរីកចម្រើនតាមនឹងដែរ ទាំងវិស័យកសិកម្ម ឧស្សហកម្ម អចលនទ្រព្យ ការវិនិយោគ និងវិស័យផ្សេងៗទៀត។
លោក ធួន ស៊ីណាន បន្តថា ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជា អាចរីកចម្រើន និងលេចធ្លោបាននោះ គឺទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ហើយការផ្សព្វផ្សាយនេះទៀតសោត គឺមិនត្រូវពឹងផ្អែកតែទៅលើរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍តែម្យ៉ាងនោះទេ តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពោលគឺប្រជាជនម្នាក់ គឺជាទូតទេសចរណ៍ម្នាក់ សម្រាប់បង្ហាញពីភាពអស្ចារ្យ និងសក្កានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា ៕