ស្ថានភាពទឹកជំនន់ក្នុងឃុំកោះសំរោង ជម្លៀសប្រជាជន៤៥គ្រួសារ
កំពង់ចាម៖ តាមរបាយការណ៍លោកមេឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានឱ្យដឹងថាគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ក្នុងឃុំកោះសំរោងបានទទួលផលប៉ះពាល់រងគ្រោះដោយសារទឹកជំនន់នៅជាច្រើនកន្លែង។
ប្រភពបញ្ជាក់ថា ក្នុងនេះ ទឹកលិចកាត់ផ្លូវក្នុងភូមិទី៦ទាំងស្រុងបណ្ដាលឱ្យការធ្វើដំណើឆ្លងកាត់ទៅកំពង់ចម្លងក្នុងភូមិទី១បណ្ដាលជួបការលំបាក។ទឹកហូរច្រោះដាច់ផ្លូវបេតុងប្រវែង៦ម៉ែត្រតាមមាត់ទន្លេក្នុងភូមិទី១។ទឹកលិចសាលាបឋមសិក្សា២កន្លែងស្ថិតក្នុងភូមិចុងកោះនិងក្នុងវត្តព្រះអង្គខ្មៅត្រូវផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ទឹកលិចវត្តចំនួន២មាន៖វត្តព្រះអង្គខ្មៅ ភូមិទី៦
,វត្តឥន្ទកោសី ភូមិទី៤។ បាក់ច្រាំងទន្លេនៅកោះដាច់បង្ខំត្រូវរុះរើផ្ទះនិងរំកិលចូលក្នុងចំនួន១៣ខ្នងផ្ទះ។លិចចម្ការដំណាំចំនួន៤ហិតាបណ្ដាលឱ្យខូចខាតទាំងស្រុង។លិចផ្ទះប្រជាពលរដ្ឋចំនួន៧៦ខ្នងផ្ទះ។
របាយការណ៍ដដែលបន្ថែមថា ជាវិធានការដោះស្រាយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋក្នុងភូមិកោះដាច់ចំនួន៤៥គ្រួសារនិងសត្វពាហនៈជាង១០០ក្បាលទៅកាន់ទីទួលសុវត្ថិភាព៕
ដោយ៖ លីពៅ





