ចក្រភពអង់គ្លេសពិចារណាលើការពន្យាររយៈពេលបែងចែក ប្រព័ន្ធពាណិជ្ចកម្មបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (ETS) ឥតគិតថ្លៃជាលើកដំបូង
ឡុងដ៍៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា បានប្រកាសថា កំពុងស្នើឱ្យពង្រីកប្រព័ន្ធបច្ចុប្បន្ន នៃការបែងចែកប្រាក់ឧបត្ថម្ភ ដោយឥតគិតថ្លៃមួយឆ្នាំទៀត ស្ថិតក្រោមគម្រោងពាណិជ្ជកម្មនៃការបញ្ចេញឧស្ម័នជាតិរបស់ខ្លួន ដើម្បីអនុលោមតាមគោលការណ៍ការណែនាំ ដែលបានគ្រោងទុកនៃពន្ធលើបំភាយកាបូនឆ្លងកាត់ព្រំដែន (Carbon Border Adjustment)។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។
ចក្រភពអង់គ្លេស មានគោលដៅឈានដល់ការបញ្ចេញឧស្ម័នកម្រិតសូន្យ នៅឆ្នាំ ២០៥០។ ហើយប្រទេសនេះ បានចាប់ផ្តើមរៀបចំប្រព័ន្ធពាណិជ្ជកម្មលើការបញ្ចេញឧស្ម័ន ដែលហៅកាត់ថា (ETS) នៅឆ្នាំ២០២១ ដើម្បីគិតថ្លៃពីរោងចក្រផលិតថាមពល រោងចក្រ និងក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការបញ្ចេញកាបូនឌីអុកស៊ីតដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេច បាននូវគោលដៅនោះ។
ប្រព័ន្ធបច្ចុប្បន្នផ្តល់នូវការបែងចែកប្រាក់ឧបត្ថម្ភ ដោយឥតគិតថ្លៃ ដល់វិស័យចូលរួមដែលមានសិទ្ធិ រួមទាំងប្រតិបត្តិករយន្តហោះ ដែលប្រឈមនឹងដៃគូប្រកួតប្រជែង អន្តរជាតិ មិនមានបន្ទុកបន្ថែមលើតម្លៃកាបូន។
អាជ្ញាធរ ETS របស់ចក្រភពអង់គ្លេសដែលគ្រប់គ្រងគម្រោងនេះ បាននិយាយថា រយៈពេលបែងចែកដោយឥតគិតថ្លៃដំបូង គឺត្រូវដំណើរការពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ប៉ុន្តែប្រព័ន្ធនេះអាចបន្តដល់ឆ្នាំ ២០២៦ ដើម្បីស្របតាមគោលការណែនាំនៃយន្តការកែតម្រូវព្រំដែនកាបូនរបស់ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២៧។ នន្ទាប់ទៀត យ័ន្តការណ៍នេះមានគោលបំណងគិតថ្លៃពន្ធលើការនាំចូផលិតផលមួយចំនួនដែលបញ្ចេញកាបូន ដើម្បីជួយការពារអាជីវកម្មប្រឆាំងនឹងការនាំចូលក្នុងតម្លៃថោកពីប្រទេសដែលមានគោលនយោបាយអាកាសធាតុមិនសូវតឹងរ៉ឹង។
អាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា សំណើនេះកំពុងត្រូវបានបញ្ជូន ក្នុងគោលបំណងធ្វើការពិគ្រោះយោបល់ជាមួយនឹងកាលបរិច្ឆេទកំណត់មួយ ដើម្បីបញ្ជូនការឆ្លើយតបដែលបានកំណត់នៅថ្ងៃទី១១ ខែតុលា។
អាជ្ញាធរ ETS ឥឡូវនេះកំពុងស្នើសុំថា ការរាយការណ៍ក្រោមរយៈពេលបច្ចុប្បន្ន នឹងបន្តដូចដែលបានគ្រោងទុកចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយការស្នើសុំសម្រាប់រយៈពេលបែងចែកដោយឥតគិតថ្លៃលើកទីពីរ នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៦។
អាជ្ញាធរ ETS បន្ថែមថា បញ្ជីដែលបានធ្វើបច្ចុប្បន្នភាព សម្រាប់អ្នកបញ្ចេញកាបូនតូចៗ ស្ថិតក្រោមគ្រោងការណ៍នេះ នឹងចូលជាធរមានចាប់ពីឆ្នាំ២០២៦ ជាមួយនឹងកម្មវិធីដាក់បញ្ចូលទៅក្នុងបញ្ជីដែលបើកពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥។ អាជ្ញាធរ ETS បានគូសបញ្ជាក់ទៀតថា ការផ្លាស់ប្តូរច្បាប់បច្ចុប្បន្នទាក់ទងនឹងការបែងចែកប្រភេទម៉ាស៊ីនភ្លើង ក៏នឹងចូលជាធរមាននៅឆ្នាំ ២០២៦ផងដែរ៕
ប្រភព : រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា