អភិបាលខេត្តបាត់ដំបងអញ្ជើញសាកសួរសុខទុក្ខនិងលើកទឹកចិត្តកងទ័ពតាមបន្ទាត់ព្រំដែនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង រួមនិងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នមន្ទីរអង្គភាព និងកងកម្លាំងទាំងបី​កាលពីថ្ងៃទី២៦ ខែកញ្ញា បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយក​នូវអំណោយ​ជាស្បៀងអាហារ ភេសជ្ជៈសាច់ជ្រូក មី បន្លែ នំអន្សម និងថវិកាមួយចំនួនទៅចែកដល់​គ្រប់អង្គភាពនៃ​កងកម្លាំង​ប្រដាប់អាវុធ​ដែលកំពុងតែឈរជើងនៅតាម​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត​បាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅទីតាំង២កន្លែងផ្សេងគ្នាក្នុងនោះមួយកន្លែងនៅក្នុងទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ស្ថិតក្នុងស្រុករតនមណ្ឌលនិងមួយកន្លែងទៀតនៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ស្ថិតក្នុងស្រុកកំរៀង។

ក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រប់កងកម្លាំងទាំង៣ប្រភេទ ដែលកន្លង​មកបានខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវ​តួនាទីភារកិច្ច និងកាតព្វកិច្ច​ចំពោះមុខរបស់ខ្លួនយកអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការពារនូវបូរណភាពទឹកដី ក៏ដូចជាការចូលរួមក្នុងកិច្ចការពារ នូវសន្តិសុខ​សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងនៅតាមបន្ទាត់ព្រំដែន និងតាមមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានសំណូមពរដល់អាជ្ញាធរមន្រ្តីជំនាញនិងកងកម្លាំងប្រចាំការនៅតាមបន្ទាត់​ព្រំដែនក្នុង​ភូមិសាស្រ្តខេត្ត​បាត់ដំបងសូមបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner