ខេត្តសៀមរាបទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ភ្នំពេញ៖ ខេត្តសៀមរាបត្រូវបានប្រកាសជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ពិធីប្រកាសជាផ្លូវការបានប្រព្រឹត្តទៅនៅសួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។សៀមរាបក៏ជាខេត្តទី១០ ដែលត្រូវបានប្រកាសខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងទៅកាន់អ្នកចូលរួមអបអររាប់ពាន់ថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ខណៈបច្ចុប្បន្នក្រសួងក៏បានកំពុងតែអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅទូទាំងប្រទេស ដែលគ្រោងថា នៅឆ្នាំ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ចំពោះខេត្តសៀមរាប តាមរយៈការសង្កេតគេពិនិត្យឃើញថា ការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរពីការទទួលទានទឹកដែលមិនមានសុវត្ថិភាព មកជាការទទួលទានទឹកស្អាតមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកជាការបន្ទោបង់ក្នុងបង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវីល័យ បានធ្វើឱ្យកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ក្នុងការសម្រេចបាននូវគោលដៅជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយដើម្បីប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ ឯកឧត្តម ឆាយ ប្ញទ្ធីសែន បន្តថា នៅក្នុងឆ្នាំ២០២៤នេះ ក្រៅពីខេត្តសៀមរាប ក៏នៅមានខេត្តចំនួនបីបន្ថែមទៀត គឺ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តតាកែវ នឹងត្រូវប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និងខេត្តសៀមរាប៕
ដោយ៖មុនី