អនាគតនៃវិស័យទេសចរណ៍ ស្ថិតនៅក្នុងដៃយុវជន
ភ្នំពេញ៖ អនាគតនៃវិស័យទេសចរណ៍ ស្ថិតនៅក្នុងដៃយុវជន តាមរយៈទស្សនវិស័យ ភាពច្នៃប្រឌិត និងថាមពលដែលចាំបាច់សម្រាប់ការវិវត្តជាបន្តបន្ទាប់ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៧ និងជនរួមជាតិកម្ពុជាទាំងមូល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងទទួលខុសត្រូវលើការអភិវឌ្ឍ កសាង ពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់ស្ថាប័ន ដោយផ្តោតទៅលើតួនាទីយ៉ាងសំខាន់នៃកម្លាំងអានុភាពរបស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសនៃការងារ ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងជាពិសេសបានរួមវិភាគទានយ៉ាងសំខាន់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាវប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់របស់យើងទាំងអស់គ្នាឈានទៅរកសង្គមមួយមានសុខដុមនីយកម្ម ការយោគយល់គ្នា និងប្រកបទៅដោយការស្រលាញ់ និងគាំទ្រសន្តិភាពពីគ្រប់ស្រទាប់មហាជនដែលសមស្របទៅនឹងប្រធានបទទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ “ទេសចរណ៍ និងសន្តិភាព” ។
សម្ដេចធិបតី បន្តថា វិស័យមាសបៃតងមួយនេះ ពិតជាបានដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញ ឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយ រាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទី យ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាដែលបង្កើតបានទៅជាមាគ៌ាសន្តិភាពដែលស្របទៅតាម អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “អរគុណសន្តិភាព មានសន្តិភាពទើបមាន អ្វីៗទាំងអស់”។
សន្តិភាពដែលបានប្រសូតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជា អាចនាំយកមកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបាន បាត់បង់កន្លងមក បានត្រឡប់មាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញ នៃមហាគ្រួសារដូនតាខ្មែរ ក្រោមម្លប់សន្តិភាពដ៏ពេញលេញដែលពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំមកហើយ ដែលវត្ថុសិល្បៈបុរាណទាំងនេះជាទុនមួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែមក ទស្សនាព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។
សម្ដេចធិបតី បានបន្ថែមថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់ដែលបាននិងកំពុង ប្រឈមនឹងឧបសគ្គជាច្រើនដែលស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួល អាកាសធាតុ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាង គំហុក ដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើប ឡើងវិញនៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់ កំណើនទេសចរណ៍អន្តរជាតិផងដែរ។ ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធ ដើម្បីជាកាលានុវត្តភាព ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់ កាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះ អនាគតនៃវិស័យទេសចរណ៍សម្រាប់ទាំងអស់គ្នា។
ក្នុងសារលិខិតសម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា អនាគតនៃវិស័យទេសចរណ៍ស្ថិតនៅក្នុងដៃយុវជន តាមរយៈ ការវិនិយោគលើយុវជន ការផ្តល់ឱកាសអប់រំនិងបណ្តុះបណ្តាល ការលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម របស់ពួកគេក្នុងវិស័យទេសចរណ៍ យើងអាចទាញយកសក្តានុពលរបស់ពួកគេ ដើម្បីជំរុញការរីកចម្រើនសង្គម និងលើកកម្ពស់សន្តិភាព។ បុគ្គលវ័យក្មេងដែលមានទេពកោសល្យ នាំមកនូវទស្សនវិស័យ ភាពច្នៃប្រឌិត និង ថាមពលដែលចាំបាច់សម្រាប់ការវិវត្តជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ ៕
ដោយ ៖ វណ្ណលុក