ព្យុះសង្ឃរា Helene ធ្វើឱ្យមនុស្សជាងមួយលាននាក់គ្មានអគ្គិសនីប្រើនៅរដ្ឋផ្លរីដា
ផ្លរីដា ៖ មនុស្សជាងមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់ ចំពេលដែលព្យុះសង្ឃរា Helene ដ៏គ្រោះថ្នាក់បំផុត បានវាយប្រហារលើរដ្ឋផ្លរីដា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយក្រុមមន្ត្រីក៏បានព្រមានអំពីស្ថានភាពមិនគ្រប់គ្រងបានផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយថា ព្យុះសង្ឃរា Helene ដែលកំពុងផ្លាស់ទីយ៉ាងលឿន បានបង្កើនឥទ្ធិពលរបស់វាក្លាយជាព្យុះដ៏គ្រោះថ្នាក់បំផុត ប្រភេទទី៤ ដោយវាបានបោកបក់មកជិតទីប្រជុំជន Perry នៅម៉ោងប្រហែល ១១និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។
វាបានធ្វើដំណើរក្នុងល្បឿន ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាបានឆ្លងកាត់ឈូងសមុទ្រ ហើយបានចាប់ផ្តើមវាយប្រហារតំបន់ឆ្នេរ Big Bend ភាគខាងត្បូងនៃទីក្រុងTallahassee។

ជាមួយគ្នានេះ អាកាសយានដ្ឋាន Tampa និង Tallahassee បានបិទដំណើរការជាបណ្តោះអាសន្ន ផ្នែកខ្លះនៅក្នុងទីក្រុង St Petersburg, ទីប្រជុំជន Tampa, Sarasota, Treasure Island និងទីក្រុងផ្សេងទៀតនៅឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា ដែលត្រូវបានទឹកជន់លិចរួចហើយ។
យោងតាមគេហទំព័រតាមដានថាមពល PowerOutage.us បានឱ្យដឹងថា ផ្ទះ និងអាជីវកម្មប្រហែល ១លានកន្លែងបានដាច់ចរន្តអគ្គិសនី។ ជនជាតិអាមេរិកជាង ៥៥លាននាក់ បានស្ថិតក្រោមការជូនដំណឹងអំពីអាកាសធាតុ ឬការព្រមានពីព្យុះសង្ឃរា Helene។
Helene ត្រូវបានគេរំពឹងថា នឹងអាចក្លាយជាព្យុះសង្ឃរាដ៏ខ្លាំងក្លាបំផុត ដែលវាយលុកសហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយឆ្នាំ។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីទំហំខូចខាត ឬមនុស្សរងរបួសនៅឡើយទេ៕




ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា