ឧត្តមសេនីយ៍ទោ ឈរ សុខ ៖ បង្កើនការហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត
(ខេត្តកំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានគូសបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនការហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើន ផលិតភាព និងប្រសិទ្ធភាពការងារ ធានាបាន នូវភាពជោគជ័យ និងនិរន្តភាពក្នុងការកែទម្រង់ លើគ្រប់វិស័យរបស់កងយោធពលខេមរភូមិន្ទ ។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានបន្ថែមទៀតថា៖ ការគោរពអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេសក្រោមការដឹកនាំដោយបញ្ញាញាណ និងការចង្អុល ណែនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុវត្តនូវទស្សនៈវិស័យដាក់ចេញនូវកម្មវិធី គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា ក្នុងនោះដែរ សម្តេចមហាបវរធិបតី បានថ្លែងក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក បានដាក់ចេញនូវអនុសាសន៍ ចំនួន ៥ចំណុច ជូនបណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ដូចមាន ខាងក្រោម៖
ទី១. កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរព ឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរ ណែនាំ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូវរបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន ។
ទី២. គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់ កម្លាំងឱ្យសមស្របត្រូវតាមជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធបរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស ។
ទី៣. គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ពង្រឹងការបង្កើនជំនាញដល់យោធិន ឱ្យស្របទៅតាមភារកិច្ច និងតួនាទីរៀងៗ ខ្លួន ។
ទី៤.សូមណែនាំអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈ គ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាជន នៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យល្អ ជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងទី៥. សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជាការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ព និងក្រុមគ្រួសារ ធានាផាសុខភាព, សុខុមាលភាព និងផលិតភាពក្នុងការបំពេញ បេសកកម្មរបស់ខ្លួន។ ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងសិក្ខកាមទាំងអស់ ឧត្តមសេនីយ៍ទោ ឈរ សុខ ប្តេជ្ញាគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ និងបន្តគ្រប់អាណត្តិ ដើម្បីប្រទេសកម្ពុជា ជាប្រទេស ដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ តទៅអនាគត ។
ឧត្តមសេនីយ៍ទោ ឈរ សុខ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ចំណេះ ដឹងដែលប្អូនៗសិក្ខាកាមបានសិក្សារៀនសូត្រកន្លងមក នឹងយកទៅបម្រើជាឧត្តមប្រយោជន៍ ជាតិ តាមតួនាទី និងភារកិច្ច ឱ្យបានជោគជ័យ ។
សូមបញ្ជាក់ថា ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៦ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក សម្រាប់ឆ្នាំ២០២៤ បានដំណើរបើកវគ្គអស់រយៈពេល ៩២ថ្ងៃ ចាប់បើកពីថ្ងៃទី០២ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ជាលទ្ធផលសិក្សាបានបង្ហាញឱ្យឃើញថា មានកម្មសិក្សាការីឆ្នើមចំនួន ០៣ រូប ទទួលបាននិទ្ទេស ល្អណាស់, និទ្ទេស ល្អ ចំនួន ១៨រូប, និទ្ទេស ល្អបង្គួរចំនួន ៣៧រូប និងនិទ្ទេស មធ្យម ចំនួន ៣៤រូប ៕
ប្រភព ៖ កងទ័ព