បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន ពលីក្នុងសម័យសង្គ្រាម
កំពង់ធំ៖ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននិមន្តព្រះសង្ឃសូត្រមន្ត រាប់បាត្រ បង្សុកូល នៅថ្ងៃកាន់បិណ្ឌវេនទី៩ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា។ពិធីបានប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងភរិយាតែងតែបានប្រារព្ធពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានលះបង់ពលីជីវិត ដើម្បីជាតិ និងប្រជាជនកម្ពុជា ការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម ដោយអនុវត្តនូវនយោបាយឈ្នះឈ្នះ មានការឯកភាពជាតិ និងមានសន្តិភាពពេញលេញជូនដល់ប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ៕
ដោយ៖ប៊ុន រដ្ឋា