ខេត្តចំនួន៧ របស់កម្ពុជា ទទួលរងផលប៉ះពាល់ទឹកជំនន់ និងស្រូវជាង ១ម៉ឺនហិកតាទទួលរងផលប៉ះពាល់
(ភ្នំពេញ)៖ គិតរហូតមកដល់ចុងខែកញ្ញានេះគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ក្នុងប្រទេសកម្ពុជាដែលក្នុងនេះបង្កឱ្យខូចខាតផលដំណាំស្រូវប្រមាណជាង ១ម៉ឺនហិកតា។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមនារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០៤នេះ លោក ជំទាវ អ៊ឹម រចនាមន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងចំណោមខេត្តដែលទទួលរងផលប៉ះពាល់ទាំងនេះមានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។
មន្រ្តីនាំពាក្យរូបនេះបានឱ្យដឹងដែរថា ក្នុងការវាយលុកដោយទឹកជំនន់នេះគេបានរកឃើញផលប៉ះពាល់ដែលកើតទៅលើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។
គួរបញ្ជាក់ថាភ្លៀងធ្លាក់រយៈពេលជិតមួយខែមកនេះបានធ្វើការពន្លិចប្រទេសជិតខាងកម្ពុជាក្នុងនេះមានដូចជា ថៃ វៀតណាម ភូមានិង ឡាវ។ប្រទេសទាំងនេះសុទ្ធតែ បានទទួលរង ឥទ្ធិពលធ្ងន់ធ្ងរពីព្យុះ Yagi ដែលបង្កឱ្យមនុស្សបាត់បង់ជីវិត សរុបនៅទូទាំងតំបន់ ៧០២នាក់។ ក្នុងនោះ មីយ៉ាន់ម៉ា មានអ្នកស្លាប់ច្រើនជាងគេ គឺ៣៨៤នាក់ ខណៈវៀតណាមមាន ២៩៩នាក់។ ក្រៅពីនេះសាលារៀន ជិត ១,០០០កន្លែង នៅវៀតណាមនិងថៃ បានរងការខូចខាតដែលធ្វើឱ្យសិស្សជាច្រើន ពត្រូវផ្អាកការរៀនសូត្រ៕
ដោយ ៖ម៉ាដេប៉ូ