ព្រលាន្តយន្តហោះអន្តរជាតិថៃ ត្រូវបានគំរាមបំផ្ទុះគ្រាប់បែក
បរទេស៖ អាជ្ញាធរថៃបានឃាត់ខ្លួនអ្នកដំណើរម្នាក់ជាស្ត្រីម្នាក់ បន្ទាប់ពីបានគម្រាមបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ស្ត្រីជាជនជាតិប៉ូឡូញ រូបនេះ ត្រូវបានចាប់ខ្លួន ។
អាជ្ញាធរថៃបានចោទប្រកាន់ថា នាងបាននិយាយពីការគម្រាមបំផ្ទុះគ្រាប់បែក អំឡុងជើងហោះហើរ Thai Vietjet ចាកចេញពីទីក្រុង Da Nang ប្រទេសវៀតណាម ឆ្ពោះទៅកាន់ទីក្រុងបាងកក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ជើងហោះហើរ VZ961 បានដឹកមនុស្ស ១២១នាក់ រួមមានទាំង ទារកម្នាក់ និងបុគ្គលិកយន្តហោះ ៦នាក់។
មជ្ឈមណ្ឌលសន្តិសុខរបស់អាកាសយានដ្ឋាន ត្រូវបានជូនដំណឹង អំពីការគំរាមកំហែងនេះ នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ។ ភ្លាមៗ មន្ត្រីសន្តិសុខបានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ លើអ្នកដំណើរ និងឥវ៉ាន់ដៃរបស់ពួកគេទាំងអស់ ប៉ុន្តែ រកមិនឃើញវត្ថុសង្ស័យ ឬ ជាតិផ្ទុះនោះទេ ក្រោយបើកប្រតិបត្តិការរុករក ប្រមាណជា ជាង២ម៉ោង។
យោងតាមច្បាប់របស់ប្រទេសថៃ ជនណាបង្កឱ្យមានការភ័យស្លន់ស្លោ នៅលើយន្តហោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ជាង៦០០០ដុល្លារ ដុល្លារអាមេរិក៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត