អាមេរិកឲ្យរង្វាន់២០លានដុល្លារ ដល់អ្នកទម្លាយផែនការធ្វើឃាត
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់រង្វាន់ ចំនួន២០លានដុល្លារ ដល់បុរសម្នាក់ សម្រាប់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនមេក្លោងអ៊ីរ៉ង់ ដែលត្រូវបានចោទប្រកាន់ថា នៅពីក្រោយផែនការធ្វើឃាត អតីតមន្ត្រីសេតវិមាន លោក John Bolton ។
មន្ត្រីអាមេរិកបាននិយាយ នៅក្នុងខែសីហា ឆ្នាំ២០២២ថា ពួកគេបានទម្លាយផែនការរបស់ បុរសឈ្មោះ Shahram Poursafi សមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC ដែលចង់សម្លាប់លោក Bolton ជាមនុស្សធ្លាប់បម្រើការជាទីប្រឹក្សាសន្តិសុខជាតិ របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Bolton ដែលត្រូវបានចាត់ទុកថា ជាអ្នកនយោបាយបរទេស រិះគន់អ៊ីរ៉ង់យ៉ាងខ្លាំងក្លា ហើយបានតស៊ូមតិឲ្យ លោក Trump ដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ ។
លោក Poursafi ត្រូវបានគេចោទប្រកាន់ថា បានផ្តល់ឱ្យជនមិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងសហរដ្ឋអាមេរិក ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការសម្លាប់ លោក Bolton។ ប៉ុន្តែ ជនសង្ស័យធ្វើឃាតរូបនេះបានក្លាយជាអ្នកផ្តល់ព័ត៌មាន របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ។ យ៉ាងណាមិញ អាជ្ញាធរអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះថាជា «រឿងប្រឌិត»។
ការប្រកាសផ្តល់រង្វាន់នេះបានកើតឡើង បន្ទាប់ពីលោក Trump ទើបបានអះអាងថា អ៊ីរ៉ង់គំរាមកំហែងដ៏ធំ លើជីវិតរបស់លោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត