អឺរ៉ុបបង្កើតភពព្រះចន្ទសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក

ប៊ែរឡាំង ៖ អវកាសយានិកបារាំង Thomas Pesquet និងអវកាសយានិកអាល្លឺម៉ង់ Matthias Maurer រួមទាំងឆ្កែយន្តអវកាស កំពុងធ្វើចលនាយឺតនៅភពព្រះចន្ទសិប្បនិម្មិត ដែលទីភ្នាក់ងារអវកាសអឺរ៉ុបទើបបើកនៅអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែកញ្ញានេះ ជាទីតាំងដែលចម្លងចេញពីភពព្រះចន្ទស្ទើរទាំងស្រុង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។

ភពព្រះចន្ទសិប្បនិម្មិតនៅឯមជ្ឈមណ្ឌលអវកាសយានិកអឺរ៉ុប ដែលស្ថិតនៅជិតទីក្រុងCologne ប្រទេសអាល្លឺម៉ង់នេះ មានថ្មភ្នំភ្លើងចំនួន ៩០០តោន ដែលមើលទៅដូចគ្នាបិះបិតនឹងភពព្រះចន្ទ ដោយវាលាតសន្ធឹងនៅលើផ្ទៃដីមានទំហំធំជាងទីលានបាល់បោះ។

បរិយាកាសទំនាញទាបរបស់ភពព្រះចន្ទ ត្រូវបានអ្នករចនាក្លែងធ្វើដោយប្រើរទេះរុញ ដែលដាក់នៅលើពិដាន ដែលអាចចល័តបាន តាមចលនារបស់អវកាសយានិក ឬយានរុករក។

អគ្គនាយកទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) លោក Josef Aschbacher បានបញ្ជាក់ថា ការបង្កើតភពព្រះចន្ទសិប្បនិម្មិតនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរុករកអវកាសរបស់អឺរ៉ុប។

អវកាសយានិកនៃទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) លោក Alexander Gerst បាននិយាយថា កន្លែងនេះនឹងផ្តល់នូវទិដ្ឋភាពស្ទើរតែដូចគ្នាទាំងស្រុង ដែលយើងនឹងជួបប្រទះនៅលើភពព្រះចន្ទ។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានចរចារទៅលើទីតាំងចំនួន៣កន្លែងសម្រាប់បេសកកម្មនៅភពព្រះចន្ទនាពេលអនាគត ស្ថិតក្រោមកម្មវិធី Artemis ដែលដឹកនាំដោយអង្គការ NASA នៅឆ្នាំ២០៣០ អាស្រ័យលើវឌ្ឍនភាពនៃកម្មវិធី។

បច្ចុប្បន្នទីភ្នាក់ងារ ESA ពឹងផ្អែកលើ NASA និងក្រុមហ៊ុនអវកាសផ្សេងទៀត ដើម្បីនាំយកអវកាសយានិករបស់ខ្លួនទៅកាន់ទីអវកាស។ ទីភ្នាក់ងារនេះក៏កំពុងសាងសង់ម៉ូឌុលសម្រាប់យានអវកាស Orion ដែលនឹងហោះទៅកាន់ភពព្រះចន្ទ ដែលជាផ្នែកមួយរបស់កម្មវិធី Artemis ផងដែរ៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner