ការសិក្សា ៖ សារធាតុគីមីបង្កជំងឺមហារីកសុដន់ កំពុងវាយលុកអាហារមនុស្ស
បរទេស ៖ ការសិក្សាថ្មីមួយរកឃើញថា សារធាតុគីមីជិត ២០០ប្រភេទ ដែលជាភ្នាក់ងារបង្កជំងឺមហារីកសុដន់ ត្រូវបានគេប្រើប្រាស់ក្នុងការវេចខ្ចប់ម្ហូបអាហារ និងចានប្លាស្ទិក ហើយសារធាតុបង្កជំងឺមហារីកជាច្រើនអាចជ្រាបចូលទៅក្នុងខ្លួនមនុស្ស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។
អ្នកផ្តួចផ្តើមការសិក្សានេះ គឺលោក Jane Muncke បាននិយាយថា មានភ័ស្តុតាងរឹងមាំដែលថា សារធាតុគីមីបង្កជំងឺមហារីកសុដន់ (carcinogen) ដ៏មានសក្តានុពលចំនួន ៧៦ប្រភេទ ដែលមាននៅក្នុងសម្ភារៈវេចខ្ចប់អាហារនៅទូទាំងពិភពលោក ត្រូវបានរកឃើញនៅក្នុងខ្លួនមនុស្ស។
នាយកគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រមកពីវេទិកាវេចខ្ចប់អាហារ ដែលជាមូលនិធិមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅទីក្រុងZurich ប្រទេសស្វីសរូបនេះបន្ថែមថា ក្នុងចំណោមសារធាតុគីមីបង្កជំងឺមហារីក ដែលបានរកឃើញថ្មីៗ នៅក្នុងសម្ភារៈវេចខ្ចប់ម្ហូបអាហារចំនួន ៤០ប្រភេទ ត្រូវបានចាត់ថ្នាក់ថា ជាសារធាតុគីមីមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដោយភ្នាក់ងារនិយតកម្មនៅជុំវិញពិភពលោក នេះបើយោងតាមការសិក្សា។
លោក Muncke បានសង្កត់ធ្ងន់ថា ការកម្ចាត់សារធាតុបង្កជំងឹមហារីក ដែលគេស្គាល់ ឬសង្ស័យទាំងនេះនៅក្នុងសម្ភារៈវេចខ្ចប់អាហាររបស់យើង គឺជាឱកាសដ៏ធំមួយសម្រាប់ការការពារជំងឺមហារីក។ ក្នុងឆ្នាំ 2007 Silent Spring បានបោះពុម្ភបញ្ជីនៃសារធាតុគីមីចំនួន 216 ដែលអាចបណ្តាលឱ្យមានដុំសាច់មហារីកនៅក្នុងសត្វកកេរ ដែលជាវិធីសាស្ត្រសំខាន់សម្រាប់កំណត់ការពុល នេះបើយោងតាមអ្នកជំនាញ។
យោងតាមបញ្ជីសារធាតុគីមីរបស់វិទ្យាស្ថាន Silent Spring បានឱ្យដឹងថា គិតមកទល់ខែមករា ឆ្នាំ២០២៤ បានរកឃើញថា សារធាតុគីមីចំនួន ៩២១ប្រភេទ អាចជាភ្នាក់ងារបង្កជំងឺមហារីក រួមទាំង៦៤២ប្រភេទ ដែលអាចជំរុញការផលិតអរម៉ូនអ៊ឹស្ត្រូសែន ឬប្រូហ្សេស្តេរ៉ូន ដែលជាកត្តាហានិភ័យមួយទៀតបង្កជាជំងឺមហារីកសុដន់។
គួរបញ្ជាក់ថា អត្រាកើតជំងឺមហារីកសុដន់ដែលចាប់ផ្តើមដំបូងក្នុងស្ត្រីមានវ័យក្រោម ៥០ឆ្នាំកំពុងកើនឡើង ហើយអ្នកជំនាញបាននិយាយថា និន្នាការនេះមិនអាចពន្យល់បានដោយហ្សែនតែមួយមុខនោះទេ។ បើតាមអតីតប្រធានផ្នែកវេជ្ជសាស្ត្រនៃសមាគមមហារីកអាមេរិក អត្រាកើតជំងឺមហារីកពោះវៀនធំក៏កំពុងកើនឡើងចំពោះមនុស្សវ័យក្មេងផងដែរ៕
ប្រភព ៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា