ហុងកុងវ៉ាដាច់សិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់អាស៊ី
ហុងកុង ៖ ទីក្រុងហុងកុងបានទាញទម្លាក់សិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់អាស៊ីជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំ នេះបើយោងតាមការចេញផ្សាយចុងក្រោយ នៃសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលពាក់កណ្តាលប្រចាំឆ្នាំដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយសារព័ត៌មាន SCMP។
លេខាធិការផ្នែកសេវាកម្មហិរញ្ញវត្ថុ និងរតនាគារក្រុងហុងកុង លោក Christopher Hui Ching-yu បាននិយាយថា សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល បានដាក់ចំណាត់ថ្នាក់ទីក្រុងហុងកុងខ្ពស់ ក្នុងវិស័យជាច្រើន រាប់ចាប់ពីបរិយាកាសធុរកិច្ច រហូតដល់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ រហូតដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ។
សន្ទស្សន៍នេះបង្ហាញថា ទីក្រុងហុងកុងបានធ្វើឲ្យមានការរីកចម្រើនយ៉ាងធំក្នុងវិស័យជាច្រើន ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
របាយការណ៍បានបង្ហាញថា ពិន្ទុរបស់ទីក្រុងហុងកុង ស្ថិតក្នុងចំណោមពិន្ទុខ្ពស់បំផុតក្នុងផ្នែកផ្សេងៗនៃការប្រកួតប្រជែង រួមទាំងបរិយាកាសអាជីវកម្ម មូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងកេរ្តិ៍ឈ្មោះ។ ទីក្រុងហុងកុងក៏ជាប់ចំណាត់ថ្នាក់ទី១ ក្នុងការគ្រប់គ្រងការវិនិយោគផងដែរ។
ដោយឡែកនៅទូទាំងពិភពលោក ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់លេខ៣ តាមពីក្រោយទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ដោយទីក្រុងសិង្ហបុរី និងសាន់ហ្វ្រាន់ស៊ីស្កូ ឈរនៅលំដាប់កំពូលទាំង៥ នេះបើយោងតាមការសិក្សានៃទីក្រុងចំនួន១២១ ដែលចងក្រងដោយវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុង Shenzhen និងទីក្រុងឡុងដ៍។
សូមរម្លឹកថា ទីក្រុងហុងកុងបានបាត់បង់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់អាស៊ីទៅឱ្យសិង្ហបុរី កាលពីខែកញ្ញា ឆ្នាំ២០២២៕
ប្រភព ៖ SCMP ប្រែសម្រួលដោយ៖ ឈឹម ទីណា