ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តឧណ្ណាឡោម
(ភ្នំពេញ)៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ តំណាងឯកឧត្តម ជា ចាន់តូ ទេសា ភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ក្រុមគ្រួសារ ព្រមទាំងទេសាភិបាលរង បុគ្គលិក មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញក្នុងពិធី កាន់បិណ្ឌ វេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។
បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំង ៧សណ្តាន រួមមាន៖ មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំង ឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញ មកទទួលយកផល្លា និសង្ឃបានគ្រប់ៗគ្នា ។
សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។
គួររម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់ បច្ចុប្បន្ននេះ ពិធីបុណ្យ ភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមាន ឱកាសច្រើន ក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗទាំងអស់ ។
សូមជម្រាបថា សម្រាប់បច្ច័យប្រគេនព្រះសង្ឃ, ថវិកាជូនអ្នកប្រចាំការ សិស្សនិស្សិត លោកតាអាចារ្យ សន្តិសុខ និងបម្រើការងារ ក្នុងពិធីកាន់បិណ្ឌវេនទី១០ និងប្រគេន បច្ច័យសម្រាប់កសាងវត្តផងដែរ ។
ពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក្រុមគ្រួសារ ព្រមទាំង បុគ្គលិក មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ សូមឧទ្ទិសមហាកុសល ដល់បុព្វការីជនទាំងឡាយ មានមាតាបិតាជីដូនជីតា និងយុទ្ធជន យុទ្ធនារី ដែលបានពលី ជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ព្រមទាំងចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត