រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួប និងពិភាក្សាការងារ ជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅទីស្តីការក្រសួងកសិកម្ម ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ ការស្វាគមន៍ និងរីករាយពិនិត្យលទ្ធភាពសហការជាមួយវិទ្យាស្ថាន CDRI ក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងវិទ្យាស្ថាន CDRI ឱ្យគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ជាពិសេសត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។
នៅក្នុងការអនុវត្តគម្រោងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដោយណែនាំបច្ចេកទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដោយពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំនាយមិនចាំបាច់ផ្សេងៗ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការសិក្សានេះមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យប្រជាកសិករទទួលបានផលចំណេញពីកសិផល ជាជាងការលក់វត្ថុធាតុដើម ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម៕
ប្រភព ៖ ក្រសួងកសិកម្ម