អ្នកជំងឺអាមេរិកឡើងដំបូលអគារមន្ទីរពេទ្យ គេចពីទឹកជំនន់
អាមេរិក៖ មនុស្សមួយចំនួន រួមទាំងអ្នកជំងឺបានជាប់គាំង នៅលើដំបូលអគារមន្ទីរពេទ្យមួយកន្លែង នៅក្នុងរដ្ឋ Tennessee បន្ទាប់ពីទឹកជំនន់ បង្កឡើងដោយសារខ្យល់ព្យុះ សង្ឃរា ហេឡេន (Helene) បានឡោមព័ទ្ធមន្ទីរពេទ្យមួយនេះ ភ្លាមៗ។
សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថា គ្មានទូក ឬ ឧទ្ធម្ភាគចក្រ អាចទៅដល់អគារមន្ទីរពេទ្យទេ នាពេលដំបូងឡើយ។ ប៉ុន្តែ បន្ទាប់ពីនោះ ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើម ដែលនាំទៅដល់ការជួយសង្គ្រោះបុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺទាំងអស់ ដែលជាប់នៅទីនោះ។
អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះ ហេឡេន បានកើនឡើងដល់៣៣ នាក់នៅទូទាំងភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃសុក្រ។
ផ្លូវថ្នល់ ផ្ទះសម្បែង និងអាជីវកម្មជាច្រើន បានស្ថិតនៅក្រោមទឹក បន្ទាប់ពីព្យុះដ៏ធំសម្បើមនេះបានធ្វើឱ្យមានការបាក់ដី នៅជិតរដ្ឋធានី Tallahassee របស់រដ្ឋ Florida ពេញមួយយប់ ហើយទឹកបានហក់ឡើង នៅភាគខាងជើង ផ្តាច់ចរន្តអគ្គិសនី នាំឲ្យមនុស្សរាប់លាននាក់ គ្មានភ្លើងអគ្គិសនីប្រើប្រាស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត