រដ្ឋាភិបាល និងវិស័យឯកជន គាំទ្រយុទ្ធនាការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន ខេមប្រ៊ូវ រួមទាំងក្រុមហ៊ុន Grab បានប្រកាសគាំទ្រ និងបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ» ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ។
យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយ ការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានបង្ហាញការគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុស ហើយជឿជាក់ថា នឹងចូលរួមលើកកម្ពស់សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរួមគ្នាប្រកាសបន្តយុទ្ធនាការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ក្នុងការគាំទ្រឲ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ, ការអប់រំលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការទទួលទានគ្រឿង។
ជាពិសេសផលប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង ស្រ្តីមានផ្ទៃពោះ អនីតិជន និងគាំទ្រដល់ការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ។
លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានបញ្ជាក់ថា ការចាប់ដៃគូសហការនេះ គឺជាវិធីសាស្រ្តដ៏សំខាន់មួយ ចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយ និងសុវត្ថិភាព។
លោកអគ្គនាយកបន្ថែមថា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ ក្នុងការបង្ហាញពីរបៀបដែលអាចរួមគ្នាជំរុញការពិសារដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) ជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នានេះ សង្ឃឹមថា ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប ជាសារសម្រាប់យើងទាំងអស់គ្នា។
សូមរំលឹកដែរថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេមប្រ៊ូវ (Carisberg Cambodia) ក៏ជាភាគីហត្ថលេខីលើក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា៕
អត្ថបទ : ឈឹម ទីណា