វត្តមានសម្តេច ធិបតី ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៩ នៅអង្គរវត្ត​ជាចលករ​មួយធ្វើឱ្យអ្នកចូលរួមកាន់តែកើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក សែម ផល្លា នាយកប្រតិបត្តិ អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុង​នៅ​កម្ពុជា បានអះអាងថា វត្តមានរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ចូលរួមនៅក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង​លើកទី២៩នៅអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២៤​ខាងមុខនេះ គឺជាចលករមួយធ្វើកំណើនអ្នកចូលរួមកាន់តែមានកំណើនឡើង ហើយ កាន់តែផ្តល់ភាពកក់ក្តៅចំពោះអ្នកចូលរួមថែមទៀតផង។

ការថ្លែងលើកឡើងរបស់នាយកប្រតិបត្តិរូបនេះ បានធ្វើឡើង នៅក្នុងសន្និសិទ​សារព័ត៌​មាន​ប្រកាស ស្តីអំពី ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៩នៅអង្គរវត្ត នារសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ នៅអាគារទីស្នាក់ការគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា។

នាយកប្រតិបត្តិរូបនេះ បានពន្យល់ទៀតថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង​នៅ​សៀ​ម​រាប អង្គរវត្តនេះ អាចនិងក្លាយទៅជាព្រឹត្តិប្រពៃណីមួយសម្រាប់កម្ពុជា ដ្បិតការ​ចូល​រួមពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិកើនឡើងរហូត ។

លោកថា ការចូលរួមគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញវត្តមានរត់​ជាមួយភ្ញៀវ​ជាតិនិងអន្តរជាតិក្នុងព្រឹត្តិការណ៍នេះ និង​ជំរុញឱ្យការរៀបចំកាន់តែមានលក្ខណៈ​ស្តង់ដារត្រូវតាមបទដ្ឋានរបស់អន្តរជាតិ មានន័យថា ការរត់របស់ភ្ញៀវគឺសុវត្ថិភាព មានការបិទផ្លូវជិតបានល្អ មិនធ្វើឱ្យអ្នករត់មានក្តីបារម្ភ រត់ដោយមានទំនុកចិត្ត និងសប្បាយរីករាយ។

នាយកប្រតិបត្តិខាងលើ បានគូសបញ្ជាក់ទៀតថា វត្តមានការចូលរួមរបស់សម្តេច ធិបតី គឺជាចំណែកមួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានអ្នកចូលរួមរត់ច្រើន និង​ជាប់ចំណាត់ថ្នាក់ល្អជាលំដាប់ផ្កាយ៥ ដែលជាគោលដៅរបស់កម្ពុជាត្រៀមចូលរួម​ប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅលើពិភពលោក។

សម្រាប់ថវិកាសប្បុរសធម៌ដែលជាថវិកាព្រឹត្តិការណ៍ឆ្នាំ២០២៣ បានផ្តល់ជូនទៅ មន្ទីរ​ពេទ្យកុមារគន្ធបុប្ផាទទួលបាន៥០០០ដុល្លារ. អង្គការ Cambodia Trust ទទួល​បាន ២៥០០ដុល្លារ អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន ២០០០ដុល្លារ និង អង្គការបេះដូងមាសទទួលបាន ១០៥០០ដុល្លារ សម្រាប់បែងចែក​បន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត។ ទិវារត់ពាក់កណ្តាលម៉ារ៉ាតុង អង្គរ​លើកទី២៩នេះមាន៤វិញ្ញាសាគឺ រត់ចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ រត់ចម្ងាយ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ ខណៈសម្តេចធិបតីនាយករដ្ឋមន្ត្រី​នឹងចូលរួមរត់ចម្ងាយ៥គីឡូម៉ែត្រ។

សូមរំលឹកថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ខេត្តសៀមរាបនេះ បាន​បង្កើត​ឡើង នៅក្នុងឆ្នាំ១៩៩៦ ដោយមានអ្នកចូលរួមត្រឹមតែ៣ទៅ៤រយនាក់ប៉ុណ្ណោះ ខណៈឆ្នាំ២០២៤ លើកទី២៩នេះ ត្រូវបានរំពឹងថា អ្នកចូលរួមនឹងមានចំនួនជាង ១ម៉ឺននាក់ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner