វិស័យអប់រំ ដើរតួសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់
(កំពង់ធំ)៖ ថ្លែងក្នុងឱកាសផ្តល់ប័ណ្ណសរសើរដល់សិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិ និន្ទេសល្អ ល្អបង្គួរ សិស្សចំណាត់ថ្នាក់ប្រចាំឆ្នាំលេខ១ ដល់លេខ៥ និងបិទបញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅអនុវិទ្យាល័យ ព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានលើកឡើងថា វិស័យអប់រំ ដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
លោកឧកញ៉ា តាន់ មុន្នី បានរំលឹកកុមារភាពដល់សិស្សានុសិស្ស ឱ្យបានយល់ពីភាពតស៊ូរៀនសូត្រ ស្គាល់ពីតម្លៃនៃការសិក្សា ហើយត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន និងត្រូវចេះរៀបចំផែនការគោលដៅអនាគត ក្រោយបញ្ចប់ការសិក្សាបឋមភូមិនេះ, ថាតើគួរជ្រើសរើសរៀនផ្នែកអ្វី ដែលខ្លួនស្រឡាញ់ និងចូលចិត្ត ជៀសវាងការខាតបង់ប្រាក់កាស និងពេលវេលា។ សូមសិស្សានុសិស្សទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។
សូមបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ដែលត្រូវបានទទួលប័ណ្ណសរសើរមានចំនួន ៣៨នាក់ ចាប់ពីថ្នាក់ទី៧ ដល់ទី៩ ក្នុងម្នាក់ទទួលបានសៀវភៅ ០២ក្បាល ប៊ិច០២ដើម និងថវិកាមួយចំនួនទៀតពីលោកឧកញ៉ា តាន់ មុន្នី និងលោកជំទាវ ៕
ដោយ វណ្ណលុក