ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីពិសាអាហារ ពេលល្ងាច រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ
(អាមេរិក)៖ នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកម្មវិធី ពិសាអាហារការងារ ពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) ដោយមានការចូលរួមពីក្រុមហ៊ុនអាមេរិកមួយចំនួន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និងឆ្លើយនឹងសំនួររបស់អ្នកចូលរួម អំពីស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា ។
លោក Jeffrey Donald នាយកជាន់ខ្ពស់ BCIU បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានសំខាន់ៗស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ លោកនាយកជាន់ខ្ពស់ ក៏បានសន្យាជំរុញការវិនិយោគអាមេរិក នៅកម្ពុជា ៕
ដោយ ៖ សួង ពិសិដ្ឋ