បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពទ័ពស្នូលមួយ ដែលបានចូលរួមក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ
(កណ្ដាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានគូសបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមក បានចូលរួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេស ការការពារសន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ច ជាច្រើនទៀត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសបញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ និងចំវេនកាន់បិណ្ឌទី១១ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំ នូវពិធីនេះឡើងក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ដើម្បីឱ្យនាយទាហាន ពលទាហាន បានចូលរួមធ្វើបុណ្យទាន ឧទ្ទិសកុសលផលបុណ្យ ជូនដល់ បុព្វការីជន មានជីដូនជីតា មាតាបិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការទាំង ៧សណ្តាន ជាពិសេស ជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវ មនុញផល និងបានទៅសោយសុខ ក្នុងទីឋានសុគតិភព ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំង នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ៨០អង្គ មកពីវត្ត ចំនួន ៥វត្ត ក្នងក្រុងតាខ្មៅ ខេត្តកណ្កាល មាន វត្តក្រពើហា, វត្តព្រែកសំរោង, វត្តតាខ្មៅ, វត្តខ្ពបអណ្តែត និងវត្តពុទ្ធអណ្តែត ដើម្បីសូត្រមន្តរាប់បាត វេរប្រគេន ទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគ រួមនឹងបច្ច័យទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១១នេះ។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងបញ្ជាការដ្ឋានអង្គរក្ស ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងការពារសុវត្ថិភាព សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកបណ្ឌិតជំទាវ នៅគ្រប់អាណត្តិតរៀងទៅ ៕
ដោយ ៖ វណ្ណលុក