វេចនំអន្សមមហាគ្រួសារ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប
សៀមរាប៖នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារតែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំមិនដែល ខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ។ក្រៅពីពិធីបុណ្យទាំងពីរនេះក៏មានពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ ។តាមការកត់សម្គាល់នៅមុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើងរៀបចំវេចនំអន្សមដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ ។
ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយសមាគមចុងភៅកម្ពុជា ក្រោម ការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងជាអភិបាលខេត្តដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ និង សមាជិកសហភាពសហព័ន្ធកម្ពុជាខេត្ត បានរៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារ នៅបរិវេណសួនច្បារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ។
លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ជាអភិបាលរងខេត្ត បានឱ្យដឹងថា ការវេចអន្សម មហាគ្រួសារមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា មាន នំអន្សមជ្រូក នំអន្សមចេក នំបត់ និងនំគម ជាដើម។ លោកបន្តថាការវេចនំអន្សមនៅថ្ងៃនេះបង្ហាញពីភាពសាមគ្គីគ្នានៃមហាគ្រួសារខ្មែរ។ម៉្យាងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលបានចូលមកកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនេះបានភ្លក់នូវរសជាតិនូវនំអន្សមកូនខ្មែរនៃខេត្តសៀមរាប ។
លោកបន្តថា នំអន្សមដែលបានពីការចូលរួមគ្នាវេចនៅពេលនេះ នឹងយកទៅផ្តល់ដល់មណ្ឌលកុមារកំព្រា ,មន្ទីរពេទ្យកុមារ ជាដើម ។
ចំពោះអត្ថន័យរបស់នំអន្សម «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំធ្វើដោយអង្ករ ដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន គឺ អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំង ។ ដោយយោងតាមឯកសារមួយចំនួនបានឱ្យដឹងថាក្នុងសម័យព្រះបាទ ជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ហើយរបស់ប្រើប្រាស់និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម ដែលជាស្បៀងបម្រុងនៅពេលចេញទៅធ្វើសឹកសង្គ្រាម ។ ម៉្យាងទៀតក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ ។ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ ។ ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬ សែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឱ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។ «នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមកក្នុងប្រវត្តិនំប្រពៃណីខ្មែរនិងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ៕
អត្ថបទនិងរូប៖ ប៊ុន រដ្ឋា