ក្រសួងកិច្ចការនារី ប្រជុំត្រៀមកម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅហ្វីលីពីន
(ភ្នំពេញ)៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ទស្សនកិច្ច សិក្សា និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រព្រឹត្តណ៍ទៅនាពេលខាងមុខ។
កិច្ចប្រជុំត្រៀមនេះ ចូលរួមដោយលោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាគណៈប្រតិភូកម្ពុជា មកពីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា។
កម្មវិធីនេះ គឺជាកិច្ចការមួយ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហការ រវាងក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការសិក្សាស្វែងយល់ និងប្រមូលធាតុចូលបន្ថែម ពីបណ្តាប្រទេសនិងដៃគូពាក់ព័ន្ធ ដើម្បីឈានទៅអនុវត្តន៍កម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ នៅកម្ពុជា ដែលជាអភិក្រមអាទិភាព នៃការងារបញ្ជ្រាបយេនឌ័រ នៅកម្ពុជា ក្នុងដំណាក់កាលអភិក្រមបរិវត្តកម្មយេនឌ័រ ៕
ដោយ ៖ វណ្ណលុក