Trump សន្យាមុខ Zelensky ថា នឹងបញ្ចប់សង្គ្រាម បើលោកឈ្នះការបោះឆ្នោត
បរទេស៖ ក្នុងពេលទទួលជួប លោក Zelensky លោក Trump បានសន្យាថា នឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងឆាប់រហ័ស ដោយបញ្ជាក់ថា «យើងនឹងដោះស្រាយវាបាន» ប្រសិនបើជាលោកជាប់ឆ្នោត ធ្វើជាប្រធានាធិបតីអាមេរិក។
អំឡុងជំនួបនៅអាមេរិក កាលពីថ្ងៃសុក្រ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ត្រៀមសម្រាប់ការបោះឆ្នោត នាខែវិច្ឆិកា រូបនេះ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា «វាជាការអាម៉ាស់មួយ ជាសង្រ្គាមដែលមិនគួរកើតឡើង ហើយយើងនឹងដោះស្រាយវា»។
បុរសទាំងពីររូបនេះបាននិយាយរួមគ្នា ជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News ថា «ខ្ញុំគិតថាបញ្ហា គឺត្រង់ថា ពូទីន បានសម្លាប់មនុស្សជាច្រើន ហើយជាការពិតណាស់ យើងត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីដាក់សម្ពាធគាត់ឱ្យបញ្ឈប់សង្រ្គាមនេះ»។
គួរបញ្ជាក់ថា លោក Zelensky បានស្ថិតនៅក្នុងទីក្រុងញូវយ៉ក នាសប្តាហ៍នេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបាននិងកំពុងស្វែងរកការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាម ជាមួយរុស្ស៊ី ដែលបានអូសបន្លាយចូលដល់ឆ្នាំទី៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត