វៀតណាមអស់ជាង៣ពាន់លានដុល្លារ ពីព្យុះសង្ឃរា
ហាណូយ៖ ប្រទេសវៀតណាមបានប៉ាន់ស្មាន ការខូចខាតសរុបចំនួនជាង៣ពាន់លានដុល្លារអាមេរិក ពីព្យុះទីហ្វុង Yagi ដែលបានវាយប្រហារ នៅក្នុងខែកញ្ញា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍។
ប្រភពបានឲ្យដឹង តាមរយៈការដកស្រង់សម្តី របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបញ្ជាក់ថា ការខូចខាតសេដ្ឋកិច្ចសរុប ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣.៣១ពាន់លានដុល្លារអាមេរិក ដោយការខូចខាតភាគច្រើន បណ្តាលមកពីការបាក់ដី និងទឹកជំនន់ភ្លាមៗ។
រដ្ឋមន្ត្រីកសិកម្មបានជំរុញឱ្យអាជ្ញាធរជួយប្រជាជន ឱ្យដំណើរការផលិតកម្មឡើងវិញ ខណៈដែលប្រភពផ្គត់ផ្គង់ចម្បងពីវិស័យកសិកម្ម ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារវាយតម្លៃ S&P Global បាននិយាយថា ព្រោះតែព្យុះទីហ្វុង ប្រាក់ចំណេញរបស់ធនាគារវៀតណាមនឹងត្រូវប៉ះពាល់ ដោយសារតែវិធានការបន្ធូរបន្ថយបំណុល បញ្ជាដោយធនាគារកណ្តាលវៀតណាម។
ព្យុះទីហ្វុងមួយនេះបានសម្លាប់មនុស្ស ប្រមាណ៣០០នាក់ និងអ្នកបាត់ខ្លួន ចំនួន៣៤នាក់ ហើយបានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលឧស្សាហកម្មនាំចេញដ៏សំខាន់ ក្នុងនោះ បំផ្លិចបំផ្លាញរោងចក្រ និងសម្ភារៈបរិក្ខារ ជាមួយនឹងការជន់លិចដីស្រែ, បំផ្លាញផ្ទះសម្បែង និងបាក់ស្ពាន ទៀតផង៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត