លិចទូកស្លាប់ជនចំណាកស្រុក៩នាក់,៤៨នាក់បាត់ខ្លួននៅអេស្ប៉ាញ
បរទេស៖ សេវាជួយសង្គ្រោះតាមសមុទ្រជាតិរបស់ប្រទេសអេស្ប៉ាញ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ទូកមួយគ្រឿងដែលដឹកជនចំណាកស្រុក បានក្រឡាប់លិចនៅកោះ Canary សម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និងបាត់ខ្លួន ៤៨នាក់ផ្សេងទៀត។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទភ្លាមៗ ជុំវិញរឿងរន្ធត់នេះ នៅកណ្តាលអធ្រាត្រ ពីកោះ El Hierro នៃមហាសមុទ្រអាត្លង់ទិក។
ជនចំណាកស្រុក រាប់ពាន់នាក់បានស្លាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដោយបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដើម្បីទៅដល់ទ្វីបអឺរ៉ុប តាមទូក ដែលមានមនុស្សច្រើនកកកុញ និងជួបគ្រោះថ្នាក់ ជាញឹកញាប់។ នៅដើមខែកញ្ញា មានការស្លាប់ជនចំណាកស្រុកចំនួន ៣៩នាក់ ក្នុងពេលដែលទូករបស់ពួកគេបានលិច ពេលចាកចេញពីប្រទេសសេណេហ្គាល់។
សម្រាប់ឆ្នាំនេះ គិតត្រឹមថ្ងៃទី១៥ ខែសីហា ជនចំណាកស្រុកចំនួន ជាង២ម៉ឺន២ពាន់នាក់បានទៅដល់កោះ Canary កើនឡើងពី ៩,៨៦៤នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ជនចំណាកស្រុកជិត ៤០,០០០ នាក់បានទៅដល់កោះ Canary ក្នុងឆ្នាំ២០២៣ ដែលជាកំណត់ត្រាមួយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត