ព្យុះសង្ឃរា Helene សម្លាប់មនុស្សជាង ៩០នាក់ និង ២.៦លាននាក់គ្មានអគ្គិសនីប្រើ
វ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់មនុស្ស ៩០នាក់បានបាត់បង់ជីវិត និងបណ្តាលឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋចំនួន៥ បន្ទាប់ពីការវាយប្រហាររបស់ព្យុះសង្ឃរា Helene កាលពីពេលថ្មីៗនេះ។
ក្រុមអ្នកជួយសង្គ្រោះ កាលពីចុងសប្តាហ៍ បានតស៊ូជំនះឧបសគ្គ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ពីការបំផ្លិចបំផ្លាញនៃព្យុះសង្ឃរា Helene ដែលបានបំផ្លាញផ្លូវថ្នល់ ស្ពាន និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០នាក់នៅទូទាំងរដ្ឋចំនួន៥។
ព្យុះសង្ឃរា Helene បានបោកបក់វាយប្រហាររដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈដែលព្យុះសង្ឃរាប្រភេទទី៤នេះ បានបន្សល់ទុកនូវការបំផ្លិចផ្លាញដ៏ធំធេង និងមនុស្សស្លាប់ជាច្រើន។
នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់នៅទូទាំងឆ្នេរសមុទ្រភាគខាងកើត និងភាគខាងលិច ជនរងគ្រោះដោយសារព្យុះ និងអ្នកស្ម័គ្រចិត្ដបានយកថង់សំរាម កន្ទេល និងញញួរព្យាយាមជួសជុលអ្វីដែលពួកគេអាចធ្វើបាន និងសម្អាតអ្វីដែលនៅសេសសល់ពីការបំផ្លិចបំផ្លាញ។
សេវាកម្មឧតុនិយមជាតិអាមេរិក បាននិយាយថាលក្ខខណ្ឌនឹងបន្តប្រសើរឡើងនៅថ្ងៃនេះ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ក្នុងរយៈពេលពីរថ្ងៃកន្លងមក។ ប៉ុន្តែទីភ្នាក់ងារនេះបានព្រមាន អំពីការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ដែលអាចកើតមាន។
យោងតាមស្ថាប័នតាមដានការប្រើប្រាស់ថាមពល poweroutage.us បានឱ្យដឹងថា អតិថិជនជាង ២.៦លាននាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋចំនួន១០ គិតត្រឹមព្រឹកថ្ងៃអាទិត្យម្សិលមិញ៕
ប្រភព ៖ AFP ប្រែសម្រួលដោយ ៖ ឈឹម ទីណា