អ្នកស្លាប់កើនជិត ១៧០នាក់ ក្នុងគ្រោះទឹកជំនន់នៅនេប៉ាល់
កដ្ឋមណ្ឌូ ៖ ទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧០នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន នេះបើតាមសេចក្តីរាយការណ៍របស់មន្រ្តីនេប៉ាល់ កាលពីថ្ងៃអាទិត្យម្សិលមិញ។
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនេប៉ាល់ បានបន្តកើនឡើងដល់ទៅ ១៧០នាក់ហើយ ខណៈដែលអ្នកស្រុករស់នៅរដ្ឋធានីកដ្ឋមណ្ឌូ បានវិលត្រលប់ទៅផ្ទះរបស់ពួកគេវិញកាលពីថ្ងៃអាទិត្យម្សិលមិញ។
សង្កាត់ទាំងអស់ក្នុងរដ្ឋធានីកដ្ឋមណ្ឌូ ត្រូវបានទឹកទន្លេដែលហូរឆ្លងកាត់ បង្កជាទឹកជំនន់ជន់លិចភ្លាមៗ កាលពីចុងសប្តាហ៍មុន ដែលបណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយដល់ផ្លូវហាយវេជាច្រើន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃនេប៉ាល់ លោក Rishi Ram Tiwari បានប្រាប់កាសែតបារាំង AFP ថា គ្រឿងចក្រឈូសឆាយកំពុងត្រូវបានប្រើ ដើម្បីសម្អាតផ្លូវហាយវេជាច្រើន ដែលពោលពេញដោយកំទេចកំទីដី និងល្បាប់ភក់។ ហើយមនុស្ស ជាង ៣,០០០នាក់ ត្រូវបានជួយសង្គ្រោះ ។
ការិយាល័យឧតុនិយមនេប៉ាល់បានប្រាប់កាសែតក្នុងស្រុកថា ជ្រលងភ្នំនៅរដ្ឋធានីកដ្ឋមណ្ឌូ បានកត់ត្រាទឹកភ្លៀងមានកម្ពស់រហូតដល់ ២៤០មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃសៅរ៍។
បើតាមរបាយការណ៍ វាជាតួលេខខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីកដ្ឋមណ្ឌូ ចាប់តាំងពីឆ្នាំ១៩៧០។
ទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ គឺជារឿងធម្មតានៅទូទាំងអាស៊ីខាងត្បូង ក្នុងរដូវខ្យល់មូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់វា៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា