កម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសមត្ថភាពខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជា ព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ ក្នុងជំនួបសំណេះសំណាល ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួបនេះ លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។
លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។
សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរ នៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាព របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិត ដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន ។
ទន្ទឹមនេះ, សម្ដេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែប របស់កម្ពុជា ទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់ រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្ត ដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ