ត្រឹម៣ខែ អូស្ត្រាលីរកឃើញអ្នកឆ្លងជំងឺអុតស្វាហក់ឡើងជាង ៧០០ករណី
កង់បេរ៉ា៖ ប្រទេសអូស្ត្រាលីបានមើលឃើញករណីឆ្លងជំងឺអុតស្វា ឬ mpox កើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
ក្នុងរយៈពេល ៣ខែចុងក្រោយនេះ អូស្ត្រាលីបានកត់ត្រាការកើនឡើងយ៉ាងឆាប់រហ័សនៃអ្នកឆ្លងជំងឺអុតស្វា ឬ mpox ដោយអ្នកជំនាញសុខភាពមានការព្រួយបារម្ភថា អត្រានៃការចាក់វ៉ាក់សាំងបង្ការទាប គឺជាមូលហេតុជំរុញឱ្យមានការកើនឡើងករណីឆ្លងថ្មីៗ។
ប្រភពបានឱ្យដឹងថា រហូតមកទល់ពេលនេះ អូស្រ្តាលីបានកត់ត្រាការកើនឡើងករណីឆ្លងជំងឺអុតស្វារហូតដល់ ៧៣៧ករណី ដោយករណីភាគច្រើនកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើប្រៀបធៀបនឹងតួលេខឆ្នាំ ២០២៣ មានត្រឹមតែ ២៦ករណី និងឆ្នាំ ២០២២ មានត្រឹមតែ ១៤៤ករណីប៉ុណ្ណោះ។
ភាគច្រើននៃករណីឆ្លងថ្មីៗក្នុងឆ្នាំ ២០២៤នេះ បានកើតឡើងនៅក្នុងរដ្ឋភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលី ហើយមានតែពីរករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ថា ជាស្ត្រី។
ជំងឺអុតស្វា ឬ Mpox បង្កឡើងដោយមេរោគម្យ៉ាងឆ្លងពីសត្វទៅមនុស្ស ហើយក៏អាចឆ្លងពីមនុស្សទៅមនុស្សដែរ តាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធ។
អ្នកជំងឺអាចស្លាប់ក្នុងករណីខ្លះ បើសិនមានអាការៈធ្ងន់ធ្ងរ ដូចជាគ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅធំៗនៅលើស្បែក បើមិនស្វែងរកការព្យាបាលទាន់ពេល។ មេរោគនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងខែឧសភា ឆ្នាំ២០២២ នៅពេលដែលមេរោគ clade 2b បានរីករាលដាលនៅជុំវិញពិភពលោក ដែលភាគច្រើនប៉ះពាល់ខ្លាំងលើបុរសស្រឡាញ់ភេទដូចគ្នា។
នៅខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ដែលជាកម្រិតសំឡេងរោទិ៍ខ្ពស់បំផុតរបស់ខ្លួន ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺអុតស្វា។ យ៉ាងណាមិញ អូស្ត្រាលីមិនទាន់រាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាប្រភេទ clade 1b ថ្មី ដែលត្រូវបានគេជឿថា មានគ្រោះថ្នាក់ខ្លាំងជាងមុននៅឡើយទេ៕
ប្រភព ៖ AFP ប្រែសម្រួលដោយ : ឈឹម ទីណា