តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និង លោកជំទាវបណ្ឌិត
ព្រះវិហារ៖រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងនាំយកដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
ក្នុងពិធីសំណេះសំណាលនិងពិធីប្រគល់កាលពីថ្ងៃអាទិត្យទី២៩ ខែកញ្ញា ឆ្នាំ២០២៤ អំណោយដ៏ថ្លៃថ្លារួមមាន៖ អង្ករ១០តោន ទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ មីជាតិ២០០កេស និងត្រីខ១០០កេស ដើម្បីធ្វើការងារមនុស្សធម៌ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានគូសរំលេចថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ គ្រឿងសំណង់ជាច្រើនដល់អង្គភាពតំបន់សឹករងខេត្ត ដើម្បីបម្រើការងារមនុស្សធម៌ ចែកជូនបងប្អូនអតីតយុទ្ធជន កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុណាមួយ។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ-ពលទាហាន ទាំងអស់របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន៕
ដោយ៖ឡុង សំបូរ