ក្រុមហ៊ុនក្នុងស្រុកមួយចាប់ដៃជាមួយក្រុមហ៊ុនក្រៅប្រទេសនាំចូល សម្ភារៈបរិក្ខារពេទ្យទំនើបៗគ្រប់ប្រភេទ
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការសម្ភារៈបរិក្ខាពេទ្យចាំបាច់ សម្រាប់ព្យាបាលជំងឺនៅកម្ពុជា ក្រុមអ្នកវិនិយោគក្នុងស្រុកបានសហការជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសចិន បាននាំចូលនូវសម្ភារៈបរិក្ខាពេទ្យទំនើបៗ ដែលមានគុណភាពខ្ពស់ឈានមុខគេ និងមានការទទួកស្គាល់ពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីមកផ្គត់ផ្គង់នៅតាមមន្ទីពេទ្យនានានៅកម្ពុជា។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន បញ្ញា ពេជ្រ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ប៉ុល មុន្នីរ័ត្ន អគ្គនាយិកាក្រុមហ៊ុនបញ្ញាពេជ្របានមានប្រសាសន៍ថា អ្វីដែលជំរុញឱ្យក្រុមហ៊ុនលោកជំទាវសហការនាំចូលគ្រឿងបរិក្ខាពេទ្យទំនើបៗមកកាន់ទីផ្សារសុខាភិបាលកម្ពុជា គឺដោយសារមើលឃើញថា សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែជឿនលឿនទៅតាមសម័យកាល ជាពិសេសបញ្ហាចំបងគឺផ្នែកសុខភាពរាងកាយ ធ្វើយ៉ាងណា ត្រូវមានឧបករណ៍ប្រកបដោយគុណភាព ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺ នៅផ្នែកណាមួយនៃរាងកាយដែលត្រូវការវះកាត់ ឬនៅពេលសង្គ្រោះបន្ទាន់។
លោកជំទាវអគ្គនាយិកាបន្តថា ក្រុមហ៊ុនបាននាំចូលនូវបរិក្ខាសំខាន់ៗ ដែលចាំបាច់ និងកំពុងមានតម្រូវការនៅតាមមន្ទីពេទ្យ មានដូចជាឆ្អឹងសម្រាប់ផ្លាស់ប្តូរក្នុងរាងកាយទាំងមូល, គ្រែពេទ្យ, ឧបករណ៍វះកាត់ និងគ្រឿងបរិក្ខាជាច្រើនប្រភេទទៀត។ បើសិនមានតម្រូវផ្នែកណាមួយ អាចបញ្ជាទិញបានគ្រប់ពេល ហើយអតិថិជនដែលមកទិញសម្ភារៈបរិក្ខាពេទ្យនៅក្រុមហ៊ុនបញ្ញាពេជ្រ ដោយមិនបាច់បង់ប្រាក់ជាមុននោះទេ។ លោកជំទាវ ប៉ុល មុន្នីរ័ត្ន បន្ថែមថា ក្រៅពីនាំចូល និងផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ លោកជំទាវ និងក្រុមគ្រួសារក៏បានចូលរួមកិច្ចការមនុស្សធម៌ក្នុងសង្គមជាច្រើនទៀត ហើយក៏កំពុងតែពិនិត្យលទ្ធភាពដើម្បីជួយផ្គត់ផ្គង់នូវសម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យ ដែលមានការខ្វះខាតនូវឧបករណ៍ពេទ្យចាំបាច់ ក្នុងការជួយសង្រ្គោះអ្នកជំងឺផងដែរ។
នាឱកាសនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញការគាំទ្រ ចំពោះកិច្ចសហការរវាងក្រុមហ៊ុនកម្ពុជា-ចិន និងបានអំពាវនាវដល់មន្ទីរពេទ្យតូច-ធំ ទាំងរដ្ឋ និង ឯកជននានាទូទាំងប្រទេស សុំជួយគាំទ្រនូវបរិក្ខាពេទ្យដែលមានគុណភាពនាំចូលដោយក្រុមហ៊ុនបញ្ញាពេជ្រ ដើម្បីឱ្យក្រុមហ៊ុនមួយនេះ បានបន្តសកម្មភាពចូលរួមកិច្ចការងារមនុស្សធម៌ក្នុងសង្គម និងបំរើក្នុងវិស័យសុខាភិបាលនៅកម្ពុជាយូអង្វែង។
លោកជំទាវក៏បានអំពាវនាវផងដែរ ឱ្យស្ថាប័នសុខាភិបាលបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ ឈឹម ទីណា