ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជា-ចិននឹងជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា ថ្លែងថា ភាគីចិនរីករាយក្នុងការរួមគ្នាជាមួយភាគីកម្ពុជា ដើម្បីជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះ ហើយពួតដៃគ្នាជាមួយកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងភាពរីកចម្រើនសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិន ដើម្បីបន្តទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ផ្តល់ប្រយោជន៍ជូនប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៦ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជា និងចិនបានកសាងទំនាក់ទំនងមិត្តភាពដែកថែបដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ និងការឧបត្ថម្ភនានាលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ វិស័យដឹកជញ្ជូន ថាមពល និង កសិកម្មជាដើម ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងរួមចំណែកដល់ការពង្រឹងឯករាជ្យភាពនិងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានធ្វើឡើងនាឱកាសដែលឯកឧត្តមអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ឆ្នាំ (១ តុលា ១៩៤៩-១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ អំពីភាពជោគជ័យ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៧៥ឆ្នាំមកនេះ ដែលមានការប្រែប្រួលមុខមាត់ដ៏ខ្លាំងក្លា ក្រោមការដឹកនាំ របស់បក្សកម្មុយនីស្តចិន។ ឯកឧត្តមជឿជាក់ថា ការរីកចម្រើនរបស់ចិន នឹងជំរុញបុព្វហេតុចំណងមិត្តភាព រវាងចិននិងកម្ពុជា ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់ និងអំណរគុណដ៏ស្មោះត្រង់។ ឯកឧត្តមបន្ថែមថា ស្ថានទូតចិននឹងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យឈានឡើងដល់កម្រិតថ្មីមួយទៀត ។ ភាគីចិននឹងផ្តល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង ចក្ខុវិស័យឆ្នាំ២០៥០ ហើយសហការជាមួយភាគីកម្ពុជា ដើម្បីកសាងសហគមវាសនារួម ក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់បំផុត៕
អត្ថបទ៖ ឈឹម ទីណា