អគ្គស្នងការនគរបាលជាតិ ណែនាំដល់វរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ ឱ្យពង្រឹងការទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន
ស្ទឹងត្រែង៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ នាយ នាយរង និងពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឱ្យយកចិត្តទុកដាក់ និងខិតខំបន្ថែមទៀត ក្នុងការសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងប្រទេសជិតខាង ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមកសំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ឱ្យបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា ខេត្តមួយចំនួនដែលនៅជាប់ព្រំដែន ជាពិសេសខេត្តស្ទឹងត្រែង ដែលមានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ងាយប្រឈមជាមួយបទល្មើស ដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ។
ការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែង នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខនាយនគរបាល នាយរងនគរបាល និងពលនគរបាលជាតិ នៃអង្គភាពរវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនេះនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យ ជូនប្រទេសជាតិមាតុភូមិ៕
គួរបញ្ជាក់ថា វត្តមាននៅខេត្តស្ទឹងត្រែងនេះដែរ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងនគរបាល តាមបណ្ដោយព្រំដែនទិសភូមិភាគទី១ និងទិសភូមិភាគទី២ ៕
ដោយ៖ឡុង សំបូរ