បាត់ដំបង៖ត្រៀមលក្ខណៈទទួលភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មន្ត្រីជំនាញចុះពង្រឹងដល់ធុរកិច្ចបម្រើសេវាទេសចរណ៍
បាត់ដំបង៖ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ពិសេសថ្ងៃភ្ជុំធំដែលនឹងមកនៅថ្ងៃពុធនេះមន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចុះពង្រឹងគុណភាពផលិតផល និងការផ្តល់នូវសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទេសចរណ៍ក្នុងខេត្តដើម្បីត្រៀមស្វាគមន៍និងបម្រើដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសដែលអ្នកបំពេញការងារទាំងរដ្ឋនិងឯកជនទទួលការអនុញ្ញាតឈប់សម្រាកស្ទើរ
តែពេញមួយសប្ដាហ៍។

អនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនេះក្នុងគោលបំណងសំខាន់ដើម្បីជំរុញឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងទេសចរណ៍ ដូចជា ការពង្រឹងទៅលើគុណភាពនៃផលិតផលសម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវ ការពង្រឹងនូវបដិសណ្ឋារកិច្ចល្អ ការរក្សាតម្លៃសមរម្យនិងការចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ ដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងខេត្តបាត់ដំបងទទួលបាន នូវភាពកក់ក្ដៅ ទំនុកចិត្ត និងសុខសុវត្ថិភាពល្អ។
លោកបន្តថា អ្នកធ្វើសេវាកម្មវិស័យទេសចរណ៍ បានត្រៀមលក្ខណៈរួចរាល់ជាស្រេចហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ដែលមកទស្សនាកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ដូចគ្នានឹងការអះអាងរបស់លោកអនុប្រធានមន្ទីរទេសចរណ៍ដែរ ម្ចាស់មូលដ្ឋានអាជីវកម្មគោលដៅ ក៏បានបញ្ជាក់ ពីការត្រៀមលក្ខណៈរួចរាល់ផងដែរ ដើម្បីទទួលស្វាគមន៍ភ្ញៀវមកពីទីជិតឆ្ងាយ។
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីចំណាស់ មានអគារ ផ្ទះបុរាណ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង មានប្រវត្តិសាស្ត្រ និងទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សិល្បៈ ដ៏ស្រស់ប្រិមប្រិយ ថែមទាំងមានមុខម្ហូបអាហាររបស់អ្នកខេត្តបាត់ដំបងយ៉ាងសម្បូរបែប។
ខេត្តបាត់ដំបង ក៏មានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុប១១៥ទីតាំង។ក្នុងនេះរមណីយដ្ឋានទេសចរណ៍ចំនួន ២២កន្លែង,សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន៤កន្លែង,តំបន់គោលដៅទេសចរណ៍ ចំនួន៥៤កន្លែង, សារមន្ទីរចំនួន២កន្លែង,ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ ចំនួន៤កន្លែង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.





