ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកប្រតិកម្ម និង បានធ្វើការអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។
ការចេញមកអំពាវនាវនេះធ្វើឡើងដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីមានក្រុមមនុស្សមួយចំនួនបានធ្វើការបង្ហោះតាមរយៈបណ្តាញសង្គមពីតម្លៃស្រូវធ្លាក់ចុះរួចមក។
ថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម ឃឹម ហ្វីណង់
បានលើកឡើងថា” ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងរបស់ក្រុមមនុស្សមួយចំនួនឡើយ”។
ឯកឧត្តមបានលើកឡើងដែរថាក្នុងរយៈពេលចុងក្រោយនេះមានការបង្កើតចលនាមួយដើម្បីរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង និងមានការភ័យខ្លាចជុំវិញការធ្លាក់ថ្លៃស្រូវ ពិសេសក្រុមដែលមានចេតនាអវិជ្ជមាន ពួកគេបានព្យាយាមយកវីដេអូចាស់ៗមកចាក់ផ្សាយឡើងវិញខ្លះតាំងតែពីឆ្នាំ ២០១៦ ក្នុងចេតនាធ្វើយ៉ាងណាឱ្យមានការភាន់ច្រឡំ ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន នៃវិស័យកសិកម្មរបស់យើង។
ឯកឧត្តមបានធ្វើការពន្យល់ក្នុងតម្លៃស្រូវថា បើគេធ្វើការប្រៀបធៀបខែកញ្ញាដូចគ្នាក្នុងឆ្នាំមុនឃើញថាតម្លៃស្រូវ ជាមធ្យមក្នុងឆ្នាំនេះ គឺស្ថិតនៅក្នុងតម្លៃធម្មតានៅឡើយ។ ដោយក្នុងនេះគេសង្កេតឃើញថាតម្លៃស្រូវសែនក្រអូបខ្ពស់ជាងមុនបន្តិច និងស្រូវអូអ៊ិម តម្លៃទាបជាងមុនបន្តិចវិញ។ទោះជាតម្លៃមិនបានខ្ពស់ដូចករណីពិសេសដូចឆ្នាំ ២០២៣ក៏ដោយតែក៏នៅជាតម្លៃមួយសមរម្យដែលកសិករអាចទទួលបាននូវប្រាក់កម្រៃ និងក៏នៅខ្ពស់ជាងឆ្នាំ២០២០ ,ឆ្នាំ២០២១ និង ឆ្នាំ២០២២ដែរ។ដោយឡែកយើងក៏បានឃើញបញ្ហាតម្លៃស្រូវធ្លាក់ចុះទាបជាងមធ្យមផងដែរពោលគឺនៅតាមកន្លែងមួយចំនួនទៅតាមកម្រិតនៃគុណភាពស្រូវដូចជាករណីស្រូវទុំពុំទាន់ល្អ ស្រូវសើមខ្លាំង ដែលប្រញាប់ច្រូតកាត់ដោយសារការព្រួយបារម្ភពីកត្តាទឹកជំនន់ ពីការចង់ប្រមូលផលមុនរដូវភ្ជុំបិណ្ឌជាដើម។ស្រូវមានគុណភាពបែបនេះមានតម្លៃទាបជាងស្រូវស្តង់ដារហូតដល់២០ភាគរយ ។ទោះយ៉ាងណាមិនទូទៅនោះទេ ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានថ្លែងថា”ទោះជាមានករណីធ្លាក់ថ្លៃខ្លះៗ ក៏ដោយក៏ក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ តាមរយៈមន្រ្តីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាស្រូវ ទៅតាមគុណភាពជាក់ស្តែងរបស់ស្រូវ ដោយទំនាក់ទំនងទៅភូមិឃុំរបស់ខ្លួនតាមរយៈទុរស័ព្ទលេខ ១២៨៩ និងប្រាប់ទីតាំងឱ្យបានច្បាស់លាស់ដើម្បីក្រសួងបានចុះទៅដល់ផ្ទាល់
ដើម្បីជួយដល់កសិករបានទាន់ពេលវេលា ៕
ដោយ ៖ ម៉ាដេប៉ូ