មន្រ្តីអ្នកនាំពាក្យ៖រោងម៉ាស៊ិនកិនស្រូវធំៗមួយចំនួននឹងរង់ចាំទិញស្រូវពីកសិករដែលត្រូវការលក់បន្ទាន់ក្នុងថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាស៊ីកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើង ដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមការបញ្ជាក់ពីសំណាក់ លោក ជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងបញ្ជាក់តាមបណ្តាញសង្គមតេឡេក្រាមនៅព្រលប់ថ្ងៃទៅ៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ជំទាវ អ៊ឹម រចនាបានឱ្យដឹងថា”បើទោះបីក្រសួងកសិកម្មបានសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវដើម្បីទទួលទិញស្រូវប្រជាកសិករដែលទើបច្រូតកាត់ហើយក៏ដោយ ប៉ុន្តែការទិញនៅមានកម្រិត ដោយក្នុងនេះរោងម៉ាស៊ីនលើសលុបបានឈប់សម្រាក ។ អញ្ចឹងការច្រូតកាត់របស់ប្រជាកសិករចាំបាច់ត្រូវធ្វើឡើងដោយថ្លឺងថ្លែង និងប្រយ័ត្នប្រយែងព្រោះបើការច្រូតកាត់នេះធ្វើឡើងព្រមៗគ្នា លើសសមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវ ដែលនាំឱ្យជនឆ្លៀតឱកាសមួយចំនួនទម្លាក់ថ្លៃ។ ហេតុនេះបើមិនចាំបាច់ពេកទេត្រូវរង់ចាំចប់ភ្ជុំរួចហើយចាំពិនិត្យមើលការច្រូតកាត់ចៀសវាងការខាតបង់ណាមួយក្នុងពេលដែលកម្ពុជាកំពុងប្រារពពិធីបុណ្យភ្ជុំបិណ្ឌនេះ។
គួរបញ្ជាក់ថាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃដដេលនេះបានចេញមកប្រតិកម្ម និង បានធ្វើការអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។
ការចេញមកអំពាវនាវនេះដែរធ្វើឡើងដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីមានក្រុមមនុស្សមួយចំនួនបានធ្វើការបង្ហោះតាមរយៈបណ្តាញសង្គមពីតម្លៃស្រូវធ្លាក់ចុះរួចមក។
មន្រ្តីអ្នកនាំពាក្យរូបនេះបញ្ជាក់ថាថាក្នុងរយៈពេលចុងក្រោយនេះមានការបង្កើតចលនាមួយដើម្បីរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង និងមានការភ័យខ្លាចជុំវិញការធ្លាក់ថ្លៃស្រូវ ពិសេសក្រុមដែលមានចេតនាអវិជ្ជមាន ពួកគេបានព្យាយាមយកវីដេអូចាស់ៗមកចាក់ផ្សាយឡើងវិញ ដែលខ្លះតាំងតែពីឆ្នាំ ២០១៦ ក្នុងចេតនាធ្វើយ៉ាងណាឱ្យមានការភាន់ច្រឡំ ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន នៃវិស័យកសិកម្មរបស់កម្ពុជាយើង៕
ដោយ៖ម៉ាដេប៉ូ