ប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ បានចាកចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ មកកាន់ខេត្តក្រចេះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ខេត្តក្រចេះ)៖ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ហើយ បន្ទាប់ពីពិធីបុណ្យកាន់បិណ្ឌ ដែលមានរយៈពេល ២សប្តាហ៍ នឹងត្រូវបានបិទបញ្ចប់ ទៅតាមទំនៀមទំលាប់ ប្រពៃណីជាតិ ដែលដូនតាខ្មែរ បានប្រារព្ធធ្វើឡើងជារៀងរហូតមកនោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានណែនាំ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ឱ្យរៀបចំរថយន្តក្រុង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្ត នៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលការដឹកជញ្ជូននោះ នឹងធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ «ជិះមិនបង់ប្រាក់» ដើម្បីប្រើប្រាស់រថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ។
ដោយឡែក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រថយន្តក្រុង ១៨គ្រឿង ក្នុងចំណោម ២០គ្រឿង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ មកខេត្តក្រចេះ ដើម្បីផ្តល់ឱកាសដល់បងប្អូន ពុកម៉ែ មីងមាអ៊ំ បានជួបជុំក្រុមគ្រួសារ នៅក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ នេះជាការបញ្ជាក់របស់ លោកពូ ជាអ្នកបើកបររថយន្តក្រុង របស់សាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្រុង បានបង្ហាញអារម្មណ៍រីករាយ និងត្រេកអរជាពន់ពេក ខណៈធ្វើដំណើរមិនចំណាយថវិកាហើយ ថែមទាំងទទួលបានការចែកទឹកបរិសុទ្ធដោយឥតគិតថ្ងៃថែមទៀតផង រីឯការជិះរថយន្តក្រុង គឺ មានសុវត្ថិភាពល្អ ដោយផ្អែកតាមការពិនិត្យជាក់ស្តែង អ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងលក្ខខ័ន្ធបច្ចេកទេស និងការគោរពច្បាប់បានយ៉ាងត្រឹមត្រូវ។
ពលរដ្ឋអ្នកដំណើរបានអះអាងថា ការធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្ងៃនៅពេលនេះ បានជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ រហូតដល់ទៅម្នាក់ ៤៥០០០រៀល អ្វីកាន់តែប្រសើរថែមទៀតនោះ គឺ មានចែកទឹកសុទ្ធហ្វ្រី ដែលជាការជួយដោះបន្ទុកក្នុងការចំណាយ ក្នុងពេលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ស្រុកកំណើត ខេត្តក្រចេះ នាពេលនេះ។
ពលរដ្ឋបានសម្តែងការអរគុណជាពន្លឹក ចំពោះប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូ យកចិត្តទុកដាក់ ក្នុងការជួយសម្រួលដល់ពួកគាត់ធ្វើដំណើរ មកកាន់ស្រុកក្នុងកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដោយឥតគិតប្រាក់កម្រៃក្នុងការដឹកជញ្ជូន ដែលនេះជាការជួយដោះបន្ទុកមួយដ៏ធំ នៅក្នុងដំណាក់កាលដ៏លំបាកនេះ។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ពីរាជធានីភ្នំពេញ មកកាន់បណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ក្នុងចំណោមនោះ សាលារាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ ខេត្តក្រចេះ (ចេញពីរង្វង់មូលកួចកាណុង-រង្វង់មូលព្រាប ស) ,ខេត្តស្ទឹងត្រែង ចំនួន ២០គ្រឿង (ចេញពីរង្វង់មូលកួចកាណុង-សាលាខេត្តស្ទឹងត្រែង) ,ខេត្តមណ្ឌលគិរី ចំនួន ៨គ្រឿង (ចេញពីរង្វង់មូលកួចកាណុង-សាលាខេត្តមណ្ឌលគិរី) និងខេត្តរតនគិរី ចំនួន ៨គ្រឿង (ចេញពីរង្វង់មូលកួចកាណុង-ចំណតរថយន្តតាយសេង) ខេត្តទាំង ៤នេះ គឺ ស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា ៕
ដោយ ៖ ឡុង សំបូរ