ក្រុមការងារចុះជួយមូលដ្ឋាន និងមន្ត្រីខណ្ឌឫស្សីកែវ ចូលរួមពិធីរាប់បាត្រ បង្សុល ឧទ្ទិសកុសលជូនបុព្វការីជន នៅវត្តអារាមទាំងប្រាំ ក្នុងខណ្ឌប្ញស្សីកែវ
(ភ្នំពេញ)៖ លោក គិត ឆៃអុឹម អនុប្រធាននាយកដ្ឋានអង្គរក្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ , លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ និងក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីរាប់បាត្រ បង្សុល ឧទ្ទិសកុសលជូនបុព្វការីជន នៅវត្តអារាមទាំង០៥ នៃមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៃព្រះរាជាណាចក្រកម្ពុជាយើង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះផងដែរ ក្រុមការងារ បាននាំយកទេយ្យទានក្នុងមួយវត្តប្រគេនជូនរួមមាន៖ ចង្ហាន់ ១ស្រាក់ ស្លាដក់ ១ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស និងថវិកាចំនួន ៤០០,០០០រៀល ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។
ពិធីបុណ្យនេះ គេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបាន បែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ៕
ដោយ វណ្ណលុក