ក្រសួងទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ
(ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងគណៈប្រតិភូ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃសេវាកម្ម ក្នុងគោលដៅបង្កើនប្រាក់ចំណូល និងបង្កើតឱកាសការងារទៅក្នុងវិស័យទេសចរណ៍ដែលជាគន្លឺះអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ និងអបអរសាទរឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការតែងតាំងនេះពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងលទ្ធផលជាផ្លែផ្កានៃចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនការទូតជាប្រពៃណីដ៏យូរលង់អស់រយៈពេល៦៦ឆ្នាំ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមានរយៈពេលជាង៦៦ឆ្នាំ នាឆ្នាំ២០២៤ នេះ ហើយដែលត្រូវបានបន្តលើកកម្ពស់ និងលូតលាស់ឈានឡើងជាលំដាប់ដល់កម្រិតខ្ពស់ថ្មីមួយទៀត ជាមិត្តភាពដែកថែប និង”ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដើម្បីបម្រើផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងសងខាង សំដៅសម្រេចបាននូវការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ មានការរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ ដែលមានជាអាទិ៍វិស័យការទូត ការពារជាតិ សុខាភិបាល អប់រំ កសិកម្ម ពាណិជ្ជកម្ម និងជាពិសេស ទេសចរណ៍ ដោយឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរឯកឧត្តមដែលនៅពេលឯកឧត្តមឯកអគ្គរដ្ឋទូតមកកាន់តំណែងជាផ្លូវការ ឯកឧត្តមតែងតែផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ ធម្មជាតិ និងព័ត៌មានវិជ្ជមានរបស់កម្ពុជាជូនប្រជាពលរដ្ឋចិន និងពិភពលោកទាំងមូល ព្រមទាំងត្រូវបានប្រជាជនកម្ពុជា ស្វាគមន៍ និងគាំទ្រយ៉ាងច្រើនផុលផុស កម្ពុជាពិតជាសំណាង ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណដល់ប្រជាជនចិនដែលជានិច្ចជាកាលគំាទ្រ ស្រលាញ់ចូលចិត្តនិងអញ្ជើញមកបណ្តាក់ទុន ក៏ដូចជាមកទស្សនាប្រទេសកម្ពុជាយ៉ាងច្រើន និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសចិនដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់វិស័យទេសចរណ៍នៅកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកជូនថារាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានផងដែរស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ជាការពិត, សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានចាត់ទុកវិស័យទេសចរណ៍ឱ្យនៅបន្តជាវិស័យអាទិភាពមួយសម្រាប់កំណើនសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍ បានផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន ឱ្យឆ្លើយនឹងស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងអនាគត ហើយជាពិសេសត្រូវជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងនោះរួមមានដៃគូឯកជនទាំងជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជាមិត្ត ហើយក្រសួងទេសចរណ៍ មានបេសកកម្មចម្បង គឺដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ