រុស្ស៊ីគ្រោងចាយ ១៤៥ពាន់លានដុល្លារលើវិស័យការពារជាតិនៅឆ្នាំ ២០២៥

ម៉ូស្គូ : សេចក្តីព្រាងផែនការថវិកា ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ប្រទេសរុស្ស៊ីនឹងដំឡើងការចំណាយលើវិស័យការពារជាតិរបស់ខ្លួនរហូតដល់ ៣០ភាគរយ ពោលគឺ ១៤៥ពាន់លានដុល្លារនៅឆ្នាំ ២០២៥។

នៅឆ្នាំ ២០២៥ រុស្ស៊ីគ្រោងដំឡើងការចំណាយលើវិស័យការពារជាតិប្រហែល ៣០ភាគរយ ខណៈទីក្រុងមូស្គូមានបំណងបង្វែរធនធានបន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់ការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។

ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រសភារុស្ស៊ី បានបង្ហាញថា ការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ ដែលបានគ្រោងទុកចុងក្រោយបំផុត នឹងធ្វើឱ្យថវិកាការពារជាតិរបស់រុស្ស៊ីកើនដល់ ១៤៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍នៅថ្ងៃអង្គារនេះថា អាទិភាពកំពូលដំបូង នៃកញ្ចប់ថវិកានេះ គឺការគាំទ្រសង្គមសម្រាប់ប្រជាពលរដ្ឋ។

លោកបន្ថែមថា ទីពីរគឺការចំណាយលើវិស័យការពារជាតិ និងសន្តិសុខ, ការផ្តល់ធនធានសម្រាប់ប្រតិបត្តិការយោធាពិសេស និងការគាំទ្រដល់ក្រុមគ្រួសារនៃអ្នកដែលចូលរួមក្នុងប្រតិបត្តិការយោធាពិសេស។

រុស្ស៊ីបានបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួន ដល់កម្រិតមួយដែលមិនធ្លាប់មាន ចាប់តាំងពីសម័យសហភាពសូវៀតមកម្ល៉េះ។ ក្នុងនោះរុស្ស៊ីបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើមីស៊ីល និងយន្តហោះដ្រូន ដើម្បីបាញ់លើអ៊ុយក្រែន និងផ្តល់ប្រាក់ខែខ្ពស់ដល់ទាហានរាប់សែននាក់ដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខ៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner