ចិនបញ្ចេញឈុតអវកាសថ្មី ត្រៀមពាក់ទៅភពព្រះចន្ទនៅឆ្នាំ ២០៣០
ប៉េកាំង : ប្រទេសចិនបានបញ្ចេញឈុតអវកាសថ្មី ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ក្រុមអវកាសរបស់ខ្លួន។
ជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆិតា ក្នុងការនាំយកអវកាសយានិកទៅចុះចតនៅភពព្រះចន្ទនៅឆ្នាំ ២០៣០ ប្រទេសចិនបានបង្ហាញឈុតអវកាសថ្មី ដែលរចនាយ៉ាងពិសេសសម្រាប់ក្រុមអវកាសយានិករបស់ខ្លួន។
ឈុតអវកាសពណ៌ក្រហម និងសថ្មីដែលបង្ហាញដោយទីភ្នាក់ងារអវកាសចិន (CMSA) ត្រូវបានផលិតឡើងក្នុងគោលបំណងទប់ទល់នឹងសីតុណ្ហភាពខ្ពស់របស់ភពព្រះចន្ទ ក៏ដូចជាវិទ្យុសកម្ម និងធូលី។
ហើយវាក៏អនុញ្ញាតឱ្យអវកាសយានិកមានភាពបត់បែនរាងកាយ ក្នុងការបំពេញភារកិច្ចនៅភពព្រះចន្ទ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
អ្នករចនាម៉ូដឈុតអវកាសនេះ គឺលោក Wang Chunhui បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ឈុតអវកាសថ្មីនេះ នឹងធ្វើឱ្យអវកាសយានិកមើលទៅកាន់តែមានភាពស្វាហាប់ និងអស្ចារ្យ ហើយធ្វើឱ្យពួកគេក្លាយជាជនជាតិចិនរឹងមាំ និងស្រស់ស្អាតនៅពេលពួកគេដើរនៅលើភពព្រះចន្ទ។
កាលពីដើមឆ្នាំនេះ មន្ត្រីចិនបានបញ្ចេញឈ្មោះយានអវកាស សម្រាប់បេសកកម្មនៅភពព្រះចន្ទ ដោយយានអវកាសនេះមានឈ្មោះថា Mengzhou ឬ Dream Vessel។
បេសកកម្មនេះត្រូវបានរចនាឡើងជាផ្នែកនៃបេសកកម្មប្រកបដោយមហិច្ឆតានៅភពព្រះចន្ទដ៏ទូលំទូលាយ ដែលរួមមានផែនការរបស់ប្រទេសចិន ក្នុងការបង្កើតស្ថានីយស្រាវជ្រាវភពព្រះចន្ទអន្តរជាតិនៅប៉ូលខាងត្បូងរបស់ព្រះចន្ទនៅត្រឹមឆ្នាំ ២០៤០៕
ប្រភព : CNN ប្រែសម្រួលដោយ : ឈឹម ទីណា