អាជ្ញាធរក្រុងកំពតនិងក្រុមហ៊ុនប្រមូលសំរាមប្តេជ្ញាថាភ្ជុំបិណ្ឌនេះមិនឱ្យទេសចរឃើញសំរាម

កំពត៖ថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ​នេះខេត្តកំពតរំពឹងថានឹងមានភ្ញៀវមកកម្សាន្តច្រើនជាងឆ្នាំមុនៗ ។វត្តមានភ្ញៀវច្រើននឹងធ្វើឱ្យបរិមាណសំរាមកើន​ឡើង​ដែរ។ ប៉ុន្តែបើតាមការអះអាងរបស់អាជ្ញាធរក្រុងកំពតនិង​ក្រុមហ៊ុនប្រមូល សំរាម ថាមានផែនការរួចរាល់ ក្នុងការ​ប្រមូល សម្អាតសំរាមឱ្យស្អាត  ពោលគឺមិនឱ្យទេសចរ​មើលឃើញសំរាមទាំងនៅលើដី នឹងនៅក្នុងទឹកព្រែកឡើយ ។

អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានប្រាប់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើ​ការងារ​អនាម័យ បរិស្ថាន ពិសេសការកែលម្អសោភណភាព​ក្រុង ដោយបង្កើតសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញ​ជាច្រើន។នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះភ្ញៀវទេសចរ​ជាច្រើននឹងមកលេងខេត្តកំពត ដែលជាហេតុធ្វើ​បរិមាណ​សំរាម អាចមានការកើនឡើង ឬអាចរាយប៉ាយ ដែល​ទាមទារ​ឱ្យអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមត្រូវ​រៀបចំ​ផែនការច្បាស់លាស់ដើម្បីធ្វើក្រុងស្អាត គ្មានសំរាមនៅលើដី និងក្នុងទឹកព្រែក។

នាយកក្រុមហ៊ុនប្រមូលសំរាម (កំពតហ្គ្រីន) លោក សួន សុភ័ក្ត្រ បានប្រាប់ឱ្យដឹងថា រៀងរាល់ពិធីបុណ្យធំៗ បុគ្គលិក កម្មករតែងយោគយល់ដល់ក្រុមហ៊ុន ហើយមិនបានសុំច្បាប់​សម្រាកទេ ដោយពួកគាត់នៅចាំជួយប្រមូល និងសម្អាត​សំរាម​ជាប្រចាំទាំងយប់  ពោលគឺភ្លឺឡើងក្រុងកំពត ត្រូវតែ​ស្អាត។

ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរនិងក្រុមហ៊ុនបានអំពាវនាវដល់ពលរដ្ឋក្នុងក្រុងនិងភ្ញៀវទេសចរមកពីទីជិតឆ្ងាយសូមមេត្តាជួយទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុន​ងាយ​ស្រួល ក្នុងការដើរប្រមូល និងដឹកជញ្ជូនសំរាមចេញ៕
ដោយ៖ សិលា សារិន

ads banner