ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គ្រឿងសមុទ្រខេត្តកំពត មិនដំឡើងតម្លៃទេ
កំពត៖អាជីវករលក់គ្រឿងសមុទ្រនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានបញ្ជាក់ថា ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះការលក់ដូរ ដាច់ច្រើនជាងថ្ងៃធម្មតា ប៉ុន្តែពួកគាត់មិនបានដំឡើងថ្លៃគ្រឿងសមុទ្រទេ។ នៅកន្លែងគាត់ ធ្លាប់លក់នៅថ្ងៃធម្មតាតម្លៃប៉ុន្មាន ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នៅរក្សាតម្លៃនោះដដែល ព្រោះពួកគាត់យល់ថា ពួកគាត់លក់រៀងរាល់ថ្ងៃត្រូវការឱ្យភ្ញៀវមកទិញ ជាប្រចាំ មិនមែនទិញម្តង រាងហើយបាត់មុខរហូតនោះទេ។
អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បាននិយាយថា តាមការសង្កេតជាក់ស្តែង និងតាមបទពិសោធន៍នាពេលកន្លងមក អាជីវករខេត្តកំពត រក្សាបាននូវភាពស្មោះត្រង់ ថ្លៃថ្នូរ មិនដែលធ្វើឱ្យអតិថិជន ឬភ្ញៀវទេសចរណាថ្នាំងថ្នាក់ចិត្តនោះទេ។ លោកសូមកោតសរសើរចំពោះ ទឹកចិត្តរបស់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តកំពត ទាំងម្ចាស់កន្លែងស្នាក់នៅ អាហារដ្ឋាន ភោជនីយដ្ឋាន និងបងប្អូនលក់ដូរតាមផ្សារនានា បានរក្សាតម្លៃថេរល្អ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទានធំៗឡើយ ។
ក្នុងឱកាសនេះដែរ លោកអភិបាលរងក្រុងកំពត បានអំពាវនាវដល់បងប្អូនដែលប្រកបរបរលើវិស័យទេសចរណ៍ក្នុងក្រុង ក៏ដូចជាខេត្តកំពតទាំងមូល ជួយពង្រឹងបន្ថែមនូវ គុណភាពសេវា ការបដិសណ្ឋាកិច្ចល្អ និងមានទំនួលខុសត្រូវលើកការររៀបចំអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អប្រសើរ ៕
ដោយ៖ សិលា សារិន